ក្រុមហ៊ុនសម្ភារៈកីឡាយក្ស Adidas អាឡឺម៉ង់បានលាតត្រដាងពីការបំពានទិន្នន័យ បន្ទាប់ពីហេគឃ័រ បានចូលហេគអ្នកផ្តល់សេវាអតិថិជន និងបានលួចទិន្នន័យរបស់អតិថិជនមួយចំនួនថែមទៀត។ក្រុមហ៊ុនបានថ្លែងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Adidas នាពេលថ្មីៗនេះបានដឹងថា បុគ្គលខាងក្រៅក្រុមហ៊ុនដែលគ្មានការអនុញ្ញាតបានចូលប្រើប្រាស់ទិន្នន័យរបស់អតិថិជនតាមរយៈអ្នកផ្តល់សេវាអតិថិជនភាគីទីបី។ ភ្លាមនោះដែរ ក្រុមហ៊ុនបានចាត់វិធានការទប់ស្កាត់ឧប្បត្តិហេតុ និងបានដាក់ចេញនូវការស៊ើបអង្កេតធំមួយ ដោយមានការសហការជាមួយនឹងអ្នកជំនាញសន្តិសុខព័ត៌មាន។
ក្រុមហ៊ុន Adidas បានបន្ថែមថា ព័ត៌មានដែលត្រូវបានលួចមិនរួមបញ្ចូលព័ត៌មាន ឬលេខសម្ងាត់ដែលទាក់ទងនឹងការទូទាត់ប្រាក់របស់អតិថិជនទេ ដោយសារតែហេគឃ័រនៅពីក្រោយការបំពាននេះគ្រាន់តែចូលទៅដំណើរការ Contact តែប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានជូនដំណឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធពីឧប្បត្តិហេតុសន្តិសុខនេះ និងបានជូនដំណឹងទៅកាន់ជនរងគ្រោះដោយសារការបំពានទិន្នន័យនេះដែរ។ ក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុន Adidas ស្ថិតនៅក្នុងដំណើរការជូនដំណឹងទៅអតិថិជនដែលរងគ្រោះក៏ដូចជាការការពារទិន្នន័យ និងអាជ្ញាធរអនុវត្តច្បាប់ចាត់វិធានការតាមច្បាប់។ ក្រុមហ៊ុននៅតែតាំងចិត្តក្នុងការការពារឯកជនភាព និងសន្តិសុខដល់អតិថិជនរបស់ក្រុមហ៊ុន ថែមទាំងសោកស្តាយចំពោះការអាក់ខាន ឬការរំខានដែលបណ្តាលមកពីឧប្បត្តិហេតុនេះ។
ក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងឧប្បត្តិហេតុនេះនៅឡើយទេ ដែលរួមមានឈ្មោះអ្នកផ្តល់សេវាដែលរងគ្រោះ នៅពេលឧប្បត្តិហេតុត្រូវបានរកឃើញ ចំនួនបុគ្គលដែលរងគ្រោះ និងថាតើបណ្តាញណិតវើកត្រូវបានគ្រប់គ្រងនៅក្នុងអំឡុងពេលនៃការវាយប្រហារដែរឬទេ? នៅដើមខែនេះ ក្រុមហ៊ុនបានប្រកាសពីការបំពានទិន្នន័យដែលប៉ះពាល់ដល់អតិថិជននៅប្រទេសតួកគី និងកូរ៉េខាងត្បូងដែលបានទាក់ទងទៅមជ្ឈមណ្ឌលសេវាអតិថិជនរបស់ក្រុមហ៊ុននៅឆ្នាំ២០២៤ ឬមុននេះ។ ព័ត៌មានដែលត្រូវបានលួចនៅក្នុងការបំពានទាំងនេះរួមមាន ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ និងអាសយដ្ឋានស្នាក់នៅ។ កាលពីពាក់កណ្តាលឆ្នាំ២០១៨ ក្រុមហ៊ុន Adidas បានលាតត្រដាងពីការបំពានផ្សេងទៀត បន្ទាប់ពីហេគឃ័របានលួចព័ត៌មាន Contact ឈ្មោះអ្នកប្រើប្រាស់ (Username) និងលេខសម្ងាត់ត្រូវបានអ៊ីនគ្រីបរបស់អតិថិជនពីរបីលាននាក់ ដែលបានប្រើគេហក្រុមហ៊ុនសម្ភារៈកីឡាទំព័ររបស់អាមេរិក ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥









