ក្រុមហ៊ុន Apple បានព្រមានអតិថិជនកាលពីសប្តាហ៍មុនថា ឧបករណ៍របស់ពួកគេបានក្លាយជាគោលដៅនៅក្នុងការវាយប្រហារ Spyware ថ្មី បើយោងតាមក្រុមឆ្លើយតបបន្ទាន់កុំព្យូទ័រជាតិបារាំង (CERT-FR)។
CERT-FR ត្រូវបានប្រតិបត្តិការដោយ ANSSI ដែលជាភ្នាក់ងារសន្តិសុខសាយប័រជាតិ និងទទួលខុសត្រូវក្នុងការការពារ និងកាត់បន្ថយឧប្បត្តិហេតុដែលទាក់ទងនឹងសន្តិសុខសាយប័រសាធារណៈ និងស្ថាប័នសំខាន់ៗ។ យោងតាមការណែនាំកាលពីថ្ងៃព្រហស្បតិ៍ CERT-FR បានដឹងពីគម្រូចំនួន៤របស់ Apple Treat Notification ដែលបានរំលឹកដល់អ្នកប្រើប្រាស់កុំព្យូទ័រអំពីការវាយប្រហារ Mercenary Spyware ដែលបានកើតឡើងតាំងពីដើមឆ្នាំមក។
ការដាស់តឿននេះត្រូវបានជូនដំណឹងកាលពីថ្ងៃទី៥ ខែមីនា ថ្ងៃទី២៩ ខែមេសា ថ្ងៃទី២៥ ខែមិថុនា និងកាលពីសប្តាហ៍មុនថ្ងៃទី៣ ខែកញ្ញា ទៅកាន់លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែលដែលភ្ជាប់នឹងគណនី Apple របស់អ្នកប្រើប្រាស់។ បើយោងតាម Apple ការព្រមានទាំងនេះក៏បង្ហាញនៅលើទំព័រ (Top Page) បន្ទាប់ពីអ្នកប្រើប្រាស់ Sign in ចូលគណនីរបស់ពួកគេនៅ Account.apple.com ផងដែរ។ ភ្នាក់ងារសន្តិសុខសាយប័របានថ្លែងថា ការជូនដំណឹងនេះរាយការណ៍ពីការវាយប្រហារដ៏ទំនើប ដែលភាគច្រើនកេងចំណេញលើភាពងាយរងគ្រោះ Zero-day ឬមិនតម្រូវឱ្យមានអន្តរាគមន៍ពីអ្នកប្រើប្រាស់ទាល់តែសោះ។ ការវាយប្រហារដ៏ស្មុគស្មាញទាំងនេះមានគោលដៅលើបុគ្គលដែលមានមុខងារដូចជា អ្នកកាសែត អ្នកច្បាប់ សកម្មជន អ្នកនយោបាយ មន្រ្តីជាន់ខ្ពស់ សមាជិករបស់គណៈកម្មការគ្រប់គ្រងនៅក្នុងវិស័យយុទ្ធសាស្រ្តជាដើម។ ការទទួលការជូនដំណឹងមានន័យថា យ៉ាងហោចណាស់ឧបករណ៍ណាមួយដែលភ្ជាប់នឹងគណនី iCloud បានក្លាយជាគោលដៅ និងត្រូវបានគ្រប់គ្រង។ ខណៈ CERT-FR មិនបានចែករំលែកព័ត៌មានបន្ថែមអំពីអ្វីដែលបានជំរុញឱ្យមានការជូនដំណឹងទាំងនេះ កាលពីខែមុន Apple បានបញ្ចេញបច្ចុប្បន្នភាពបន្ទាន់ដើម្បី Patch បញ្ហា Zero-day (CVE-2025-43300) ដែលបានភ្ជាប់ជាមួយភាពងាយរងគ្រោះ WhatsApp Zero-day (CVE-2025-55177) នៅក្នុងអ្វីដែលក្រុមហ៊ុនបានពណ៌នាថា ជាការវាយប្រហារដ៏ស្មុគស្មាញខ្លាំង។
នៅក្នុងការជូនដំណឹងអំពីការគំរាមកំហែងបានផ្ញើទៅបុគ្គលដែលរងផលប៉ះពាល់នៅពេលនោះ WhatsApp បានបញ្ចុះបញ្ចូលពួកគេឱ្យ Reset ឧបករណ៍របស់ពួកគេទៅ Factory Setting និងរក្សាប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ និងកម្មវិធីឱ្យទាន់សម័យ (Up to date)។ Apple ក៏បានណែនាំអ្នកប្រើប្រាស់ដែលត្រូវបានកំណត់គោលដៅដោយការវាយប្រហារ Mercenary Spyware ដើម្បីបើក Lockdown Mode និងស្នើសុំគម្រូជំនួយ Rapid-response Emergency Security តាមរយៈ Access Now’s Digital Security Helpline។ តាំងពីឆ្នាំ២០២១ ក្រុមហ៊ុនបានផ្ញើការជូនដំណឹងពីការគំរាមកំហែងដល់ឧបករណ៍ Apple ជាច្រើនដងក្នុងរយៈពេល១ឆ្នាំ នៅពេលដែលក្រុមហ៊ុនបានរកឃើញការវាយប្រហារទាំងនេះ ហើយរហូតដល់បច្ចុប្បន្នក្រុមហ៊ុនបានជូនដំណឹងដល់អ្នកប្រើប្រាស់សរុបជាង ១៥០ប្រទេស បើយោងតាមក្រុមហ៊ុន។ Apple មិនបានកំណត់ក្រុមហេគឃ័រជាក់លាក់ ឬភូមិសាស្រ្តណាមួយនោះទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥









