ក្រុមហ៊ុនលក់រាយរបស់បារាំង Auchan បានជូនដំណឹងស្តីពី ទិន្នន័យសម្ងាត់មួយចំនួនដែលទាក់ទងនឹងគណនី Loyalty របស់អតិថិជនរាប់រយពាន់នាក់របស់ខ្លួនត្រូវបានលាតត្រដាងនៅក្នុងការវាយប្រហារសាយប័រ។
ក្រុមហ៊ុនកំពុងតែជូនដំណឹងពីការបំពានទិន្នន័យទៅអតិថិជនដែលរងប៉ះពាល់ដោយសារឧប្បត្តិហេតុ។ ការវាយប្រហារបានបណ្តាលឱ្យមានការចូលដំណើរការដោយគ្មានការអនុញ្ញាតទៅកាន់ទិន្នន័យឯកជនមួយចំនួន ដែលទាក់ទងនឹងគណនី Loyalty របស់អតិថិជន។ យោងតាមគម្រូនៃការជូនដំណឹងបានឱ្យដឹងថា ទិន្នន័យបានលាតត្រដាងនៅក្នុងការវាយប្រហាររួមមាន ឈ្មោះពេញ តួនាទីនិងស្ថានភាពគ្រួសារ អាសយដ្ឋាន Postal អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ និងលេខកាត Loyalty។ ក្រុមហ៊ុនបានរាយការណ៍ថា ទិន្នន័យធនាគារ លេខសម្ងាត់ និងលេខ PIN មិនត្រូវបានរងគ្រោះទេ។

នៅក្នុងសន្ទរកថានៅលើបណ្តាញសង្គមបារាំង តំណាងក្រុមហ៊ុនបានថ្លែងថា ទិន្នន័យដែលជាកម្មសិទ្ធិអតិថិជនរាប់រយពាន់នាក់ត្រូវបានលាតត្រដាងនៅក្នុងឧប្បត្តិហេតុ។ ក្រុមហ៊ុន Auchan គឺជាក្រុមហ៊ុនលក់រាយចម្រុះបារាំងដែលមានសាខាមិនតិចជាង ២,១០០ទេនៅទូទាំង ១៣ប្រទេសនៅអឺរ៉ុប និងអាព្រិក។ សាខាមានបុគ្គលិក ១៥៤,០០០នាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំ ៣៥ពាន់លានដុល្លារ។ ក្រុមហ៊ុនបានបន្តថា ខ្លួនបានជូនដំណឹងទៅអាជ្ញាធរការពារទិន្នន័យបារាំង (CNIL) អំពីការបំពានទិន្នន័យនេះ។ នៅពេលនេះ ក្រុមហ៊ុន Auchan បានណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារក្លែងបន្លំដែលមានសក្តានុពល និងប្រើប្រាស់ព័ត៌មានដែលបានលួច។ ធម្មតា ក្រុមហ៊ុននឹងមិនសួរអតិថិជនតាមរយៈ អ៊ីម៉ែល សារ SMS ឬទូរស័ព្ទដៃអំពីព័ត៌មានលម្អិត Login លេខសម្ងាត់ ឬកូដ Loyalty Card PIN នោះទេ បើយោងតាមការព្រមានពីក្រុមហ៊ុន។ ប្រសិនបើអ្នកទទួលបានសារបែបនេះ សូមកុំចុចលើលីងនោះ កុំខលទៅវិញឱ្យសោះ ហើយសូមកុំយកចិត្តទុកដាក់ចំពោះព័ត៌មានប្រភេទនោះ ដោយសារតែវាភាគច្រើនជាការប៉ុនប៉ងឆបោកប៉ុណ្ណោះ។
ការបំពានទិន្នន័យលើ Auchan កើតឡើងភ្លាមៗ បន្ទាប់ពីការលាតត្រដាងស្រដៀងគ្នានេះដែរកើតឡើងចំពោះស្ថាប័នធំៗដូចជា ក្រុមហ៊ុន Air France and KLM, Orange និង Bouygues Telecom ដែលពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុម ShinyHunters លើក្រុមហ៊ុន Salesforce។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥









