អង់គ្លេសកាត់ទោសជនល្មើស ‘Serial Hacker’ ពីបទលួចចូលគេហទំព័រ៣០០០ ត្រូវជាប់ពន្ធនាគារ ២០ខែ

0

យុវជនវ័យ ២៦ឆ្នាំនៅចក្រភពអង់គ្លេសជាប់ចោទពីបទហេគចូលគេហទំព័ររាប់ពាន់ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ២០ខែ បន្ទាប់ពីសារភាពកំហុសកាលពីដើមឆ្នាំនេះ។

Al-Tahery Al-Mashriky រស់នៅទីក្រុង Rotherham នៃចក្រភពអង់គ្លេស ត្រូវបានឃាត់ខ្លួននៅឆ្នាំ២០២២ ដោយផ្អែកលើព័ត៌មានទទួលបានពីការអនុវត្តច្បាប់អាមេរិក និងចោទប្រកាន់ពីបទលួចចូលទៅស្វែងរកព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ និងហេគចូលគេហទំព័រដែលជាកម្មសិទ្ធិរដ្ឋាភិបាល Yemen, សារព័ត៌មានអ៊ីស្រាអ៊ែល និងអង្គការនានានៅសហរដ្ឋអាមេរិក និងកាណាដា។ ជនល្មើស Al-Mashriky បានសារភាពកំហុសនៅក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំនេះ។ ជនល្មើសរូបនេះជាប់ពាក់ព័ន្ធនឹងក្រុមជ្រុលនិយមដូចជា ‘Spider Team’ និង ‘Yemen Cyber Army’។

យោងតាមអាជ្ញាធរនៅចក្រភពអង់គ្លេសបានឱ្យដឹងថា ជនល្មើស Mashriky បានថ្លែងនៅលើវេទិកាថាបានលួចហេគចូលក្នុងគេហទំព័រមិនតិចជាង ៣០០០ទេ។ ទោះជាយ៉ាងណា តួលេខនេះមិនត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ដោយការស៊ើបអង្កេតទេ។ ការវិភាគលើភស្តុតាងកោសល្យវិច័យបានបង្ហាញថា ជនល្មើស Mashriky បានប្រព្រឹត្តបទល្មើសដូចខាងក្រោម៖

  • បានជ្រៀតចូលគេហទំព័រក្រសួងការបរទេស Yemen និងក្រសួងសន្តិសុខផ្សព្វផ្សាយ Yemen
  • បានដាក់ពង្រាយ Tools នៅលើគេហទំព័ររដ្ឋាភិបាល Yemen ដើម្បីស្គេនរកឈ្មោះអ្នកប្រើប្រាស់ និងភាពងាយរងគ្រោះ
  • បានហេគចូលសារព័ត៌មាន Israel Live ចូលប្រើគេហទំព័រ Admin និងដោនឡូតគេហទំព័រទាំងស្រុង
  • បានកំណត់គោលដៅលើគេហទំព័រសាសនា (Faith Websites) នៅប្រទេសកាណាដា និងអាមេរិក
  • មានគោលដៅលើគេហទំព័រក្រុមប្រឹក្សាទឹករដ្ឋកាលីហ្វ័រញ៉ា
  • រក្សាទុកទិន្នន័យឯកជនដែលលួចបានពីអ្នកប្រើប្រាស់ Facebook មិនតិចជាង ៤លានទេ
  • រក្សាទុកឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់សម្រាប់ប្រើសេវាដូចជា Netflix និង Paypal

នៅក្នុងករណីជាច្រើន ហេគឃ័របានបំផ្លាញមុខមាត់គេហទំព័រគោលដៅ ដោយការបង្ហោះសារនយោបាយ ឬសាសនា។ ប្រធានអង្គភាពឧក្រិដ្ឋកម្មសាយប័រជាតិរបស់ NCA បានថ្លែងថា ការវាយប្រហាររបស់ជនល្មើស Al-Mashriky បានបំផ្លាញគេហទំព័រគោលដៅ ដោយការរំខានទៅដល់អ្នកប្រើប្រាស់ និងស្ថាប័នជាច្រើនដែលជាអតិថិជនរបស់គោលដៅ តាមរយៈការបង្ហាញពីទស្សនៈនយោបាយ និងមនោគមវិជ្ជារបស់ក្រុម ‘Yemen Cyber Army’។ ជនល្មើសក៏បានលួចទិន្នន័យឯកជន ដែលអាចបើកផ្លូវឱ្យជនល្មើសអាចកំណត់គោលដៅ និងបន្លំមនុស្សរាប់លាននាក់។ ជនល្មើសរូបនេះជាប់ចោទ ១០ករណីក្រោមច្បាប់ប្រើប្រាស់កុំព្យូទ័រមិនត្រឹមត្រូវកាលពីខែមីនា ប៉ុន្តែចុងក្រោយជនល្មើសបានសារភាពកំហុស ៩ករណី ដែលត្រូវជាប់ពន្ធនាគារ ២០ខែដោយការទោសពីតុលាការ Sheffield Crown។

https://www.bleepingcomputer.com/news/legal/uk-sentences-serial-hacker-of-3-000-sites-to-20-months-in-prison/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here