ប្រាក់គ្រីបតូដែលមានតម្លៃមិនតិចជាង ៣០០លានដុល្លារជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសាយប័រ និងផែនការឆបោកត្រូវបានបង្កក ផ្អែកលើគំនិតផ្តួចផ្តើមចំនួនពីរដាក់ដោយឡែករួមមាន ការអនុវត្តច្បាប់ និងក្រុមហ៊ុនឯកជន។
គំនិតទីមួយគឺកម្មវិធី T3+ Global Collaborator Program ដែលដាក់ចេញដោយ T3 Financial Crime Unit (T3 FCU) គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដែលអនុវត្តស្ទើរតែមួយឆ្នាំកន្លងមក ដោយក្រុមហ៊ុនស៊ើបការណ៍ TRM Labs, TRON និង Tether សហការជាមួយ Binance ក្នុងនាមជាសមាជិកផ្លូវការដំបូង ដែលសុទ្ធសឹងតែជាកម្លាំងសំខាន់ៗនៅក្នុងវិស័យ Blockchain Space។ យោងតាមក្រុមហ៊ុនស៊ើបការណ៍ TRM Labs បានឱ្យដឹងថា ទ្រព្យមិនតិចជាង ២៥០លានដុល្លារទេដែលជាទ្រព្យឧក្រិដ្ឋកម្មសកលត្រូវបានបង្កក តាំងពីកម្មវិធីនេះបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២៤។

រួមមានប្រាក់ដែលត្រូវបានបង្កកចំនួន ៦លានដុល្លារនៅក្នុងសកម្មភាពរួមមួយជាមួយនឹង Binance ប្រឆាំងនឹងជនល្មើសឆបោកផ្នែកទំនាក់ទំនងស្នេហា។ តាំងពីការចាប់ផ្តើមខែកញ្ញា ឆ្នាំ២០២៤ មក T3 FCU បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារអនុវត្តច្បាប់សកល ដើម្បីកំណត់ និងរំខានដល់បណ្តាញណិតវើកឧក្រិដ្ឋកម្ម បើយោងតាម TRM Labs។
ក្រុមហ៊ុនបានថ្លែងថា អង្គភាព T3 FCU បានវិភាគប្រតិបត្តិការផ្ទេរប្រាក់រាប់លាននៅទូទាំងទ្វីបចំនួន៥ ដែលសរុបទៅបានត្រួតពិនិត្យលើប្រាក់មិនតិចជាង ៣ពាន់លានដុល្លារទេ ចាប់តាំងពីអង្គភាព T3 FCU បានជួយដល់ភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងសកលលោកពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីលាងលុយ ការវិនិយោគឆបោក ការជម្រិតទារប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរដទៃៗទៀត។
គំនិតទី២គឺប្រតិបត្តិការរួមគ្នាមួយរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលបានគាំទ្រដោយអ្នកជំនាញស៊ើបការណ៍ Blockchain នៅក្រុមហ៊ុន Chainalysis។ សហប្រតិបត្តិការនេះបានចុះអនុវត្តលើគម្រោងចំនួនពីរគឺ “Project Atlas” ដែលដឹកនាំដោយ Ontario Provincial Police (OPP) និង “Operation Avalanche” ដែលដឹកនាំដោយ British Columbia Securities Commission (BCSC) ដែលអង្គភាពទាំងពីរពឹងផ្អែកលើការវិភាគពីក្រុមហ៊ុន Chainalysis ដើម្បីតាមដានដំណើរការឆបោក។
យោងតាម Blockchain Data Platform បានឱ្យដឹងថា ការស៊ើបអង្កេតទាំងនេះបានលាតត្រដាងនៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះពីចំនួនទឹកប្រាក់ដែលបានបាត់បង់មិនតិចជាង ៧៤,៣លានដុល្លារ ពាក់ព័ន្ធនឹងករណីឆបោក ដែលបណ្តាលឱ្យមានការបង្កកប្រាក់ក្នុងចំនួនដ៏ច្រើននេះ។ កើតចេញពីប្រទេសកាណាដា ប៉ុន្តែពិតជាមានវិសាលភាពជាសកល គម្រោង Atlas បានកំណត់អត្តសញ្ញាណអាសយដ្ឋានកាបូបគ្រីបតូមិនតិចជាង ២០០០ទេ ដែលពាក់ព័ន្ធនឹងករណីឆបោកជនរងគ្រោះនៅទូទាំង ១៤ប្រទេសរួមមាន កាណាដា អាមេរិក អូស្រ្តាលី អាឡឺម៉ង់ និងអង់គ្លេសជាដើម បើយោងតាម Chainalysis។
ក្រុមហ៊ុនបានបន្តថា ធ្វើការដោយផ្ទាល់ជាមួយ Tether ក្រុមហ៊ុនអាចដាក់បញ្ចូលប្រាក់ USDT ទៅក្នុងបញ្ជីខ្មៅមិនតិចជាង ៥០លានដុល្លារទេ ដែលការពារជនឆបោកមិនឱ្យផ្លាស់ទី ឬផ្ទេរប្រាក់ដែលបានលួចនោះចេញ។ គំនិតផ្តួចផ្តើមទាំងពីរនេះបានធ្វើការសម្របសម្រួលការស៊ើបអង្កេតជាមួយនឹងកិច្ចសហការជាសកលដែលមានរចនាសម្ព័ន្ធ ដើម្បីស្វែងរក និងធ្វើអន្តរាគមន៍នៅកម្រិត Blockchain ដើម្បីរារាំងឧក្រិដ្ឋជនសាយប័រមិនឱ្យផ្លាស់ប្តូរ ឬឆបោកបន្ត។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥









