ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានរឹបអូសប្រាក់គ្រីបតូ និងទ្រព្យឌីជីថលតម្លៃ ១,០៩លានដុល្លារនៅក្នុងយុទ្ធនាការបង្រ្កាប កាលពីដើមខែមករា ឆ្នាំ២០២៤ ពីក្រុមមេរោគចាប់ជម្រិត BlackSuit។
អាជ្ញាធរបានតាមដានគ្រីបតូនៅពេលក្រុមឧក្រិដ្ឋកម្មបានផ្លាស់ទីវាពីគណនី Currency Exchange ពីមួយទៅមួយ តាមរយៈការដាក់ និងដកវាដើម្បីបំភ័ន្តដាន។ ទីបញ្ចប់ ទឹកប្រាក់ត្រូវបានជាប់គាំង នៅពេលដែលវាទៅដល់ Cooperating Exchange។ សកម្មភាពនេះអាចធ្វើទៅបានតាមរយៈភស្តុតាងដែលបានប្រមូលដោយការិយាល័យមេធាវីសង្កាត់ភាគខាងកើតនៃរដ្ឋ Virginia នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ប្រាក់ដែលបានរឹបអូសជាផ្នែកមួយនៃប្រាក់ដែលបានចាប់ជម្រិតកាលពីដើមខែមេសា ឆ្នាំ២០២៣ ជាថ្នូរនឹង Decryptor។ ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានបង់ប្រាក់លោះទៅឱ្យជនល្មើសចំនួន ៤៩,៣ Bitcoin ដែលស្នើនឹងទឹកប្រាក់ចំនួន ១,៤៤៥,០០០ដុល្លារនៅពេលនោះ។ ការរឹបអូសទ្រព្យនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរអនុវត្តច្បាប់នៅអាមេរិកបានចុះបង្រ្កាប BlackSuit’s Extortion Portals នៅលើគេហទំព័រទីផ្សារងងឹត នៅក្នុងប្រតិបត្តិការ ‘Operation Checkmate’។ ប្រតិបត្តិការអនុវត្តច្បាប់នេះបានរំខានដល់ប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋកម្មសាយប័រ ដែលនៅពីក្រោយក្រុម BlackSuit និង Royal, Quantum រួមទាំងក្រុមដទៃៗទៀតនាពេលថ្មីនេះ ដែលមាន Chaos Ransomware Platforms ផងដែរ។ កាលពីសប្តាហ៍មុន ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានលើកឡើងថា ក្រុម Royal និង BlackSuit ទទួលស្គាល់ថា ខ្លួនបានវាយប្រហារជោគជ័យបានចំនួន ៤៥០លើកនៅសហរដ្ឋអាមេរិករួមមានស្ថាប័ននៅក្នុងវិស័យសុខាភិបាល អប់រំ រដ្ឋាភិបាល ថាមពល និងសន្តិសុខសាធារណៈផងដែរ។
រួមបញ្ចូលគ្នា ក្រុមទាំងនេះរកប្រាក់បានមិនតិចជាង ៣៧០លានដុល្លារ នៅក្នុងការបង់ប្រាក់លោះ បើយោងតាមតម្លៃប្រាក់គ្រីបតូបច្ចុប្បន្ននេះ ដោយយោងតាម HSI ដែលបានលើកឡើងពីទំហំនៃប្រាក់ខាតបង់បណ្តាលមកពីឧក្រិដ្ឋកម្មសាយប័រទាំងនេះ។ កាលពីចុងខែកក្កដា ភ្នាក់ងារ FBI បានប្រកាសពីការរឹបអូស 20 Bitcoin ដែលមានតម្លៃប្រមាណជា ២,៤លានដុល្លារពីអាសយដ្ឋានប្រាក់គ្រីបតូដែលជាកម្មសិទ្ធិរបស់សមាជិកក្រុម Chaos Ransomware។ ក្រសួងយុត្តិធម៌បានដាក់ពាក្យបណ្តឹង ដើម្បីរឹបអូសប្រាក់ដែលភ្នាក់ងារ FBI ប្រមូលបានពីការបង្ក្រាប។ ការរឹបអូសយកប្រាក់ពីឧក្រិដ្ឋកម្មគឺមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមមេរោគចាប់ជម្រិត ជាពិសេសនៅពេលដែលប្រតិបត្តិករ និងសាខាមិនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការបង្ក្រាបដោយការអនុវត្តច្បាប់ ហើយនៅតែមានសេរីភាពក្នុងការប្រើប្រាស់មូលនិធិទាំងនោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេឡើងវិញ និងកសាងសាខាថ្មីនោះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥









