ក្រុមហ៊ុន Meta បានប្រកាសឧបករណ៍ជំនួយថ្មីសម្រាប់ជួយដល់អ្នកប្រើប្រាស់ WhatsApp និង Messanger ការពារពួកគេពីការឆបោក និងរក្សាសុវត្ថិភាពគណនីរបស់ពួកគេ។
នៅលើ Messenger ក្រុមហ៊ុនបានចាប់ផ្តើមធ្វើតេស្តសាកល្បងឧបករណ៍តាមចាប់ការឆបោកឈានមុខសម្រាប់ការជជែកដែលគួរឱ្យសង្ស័យ ដែលនឹងព្រមានអ្នកប្រើប្រាស់នៅពេលលេខទូរស័ព្ទថ្មីផ្ញើសារឆបោក ដែលផ្តល់ឱ្យពួកគេនូវជម្រើសផ្ញើសារសម្រាប់ការពិនិត្យការឆបោក AI ដើម្បីឆែករកសញ្ញានៃការឆបោក។ នៅពេលការឆបោកត្រូវបានរកឃើញ អ្នកប្រើប្រាស់នឹងត្រូវបានដាស់តឿន និងផ្តល់នូវការណែនាំដូចជា ការបិទ (Block) ឬ Report អំពីអ្នកផ្ញើ។

ក្រុមហ៊ុន Meta បានថ្លែងថា មុខងារនេះត្រូវបានបើកដោយស្វ័យប្រវត្តិ (Default) ប៉ុន្តែវាអាចត្រូវបានបិទដោយការបិទ/បើក (Toggling Off) “Scam Detection” Option នៅក្នុង “Privacy & Safety Setting”។ ក្រុមហ៊ុនក៏ណែនាំអំពីការព្រមានថ្មីនៅក្នុង WhatsApp ដែលនឹងដាស់តឿនអ្នកប្រើប្រាស់ឱ្យចែករំលែក Screen ជាមួយនឹងអ្នកដែលគេទុកចិត្ត នៅពេលចាប់ផ្តើម Video Call ជាមួយនឹងលេខទំនាក់ទំនងដែលមិនស្គាល់។ ក្រុមហ៊ុនបន្ថែមថា ក្រុមហ៊ុនដឹងថាជនឆបោកប្រហែលជាដាក់សម្ពាធលើគោលដៅរបស់ខ្លួន ដើម្បីចែករំលែក Screen របស់ពួកគេ ដើម្បីបញ្ឆោតឱ្យពួកគេផ្តល់នូវព័ត៌មានសម្ងាត់រួមមានព័ត៌មានធនាគារ ឬកូដផ្ទៀងផ្ទាត់។ ជាមួយនឹងឧបករណ៍ជំនួយថ្មីនេះ ក្រុមហ៊ុនផ្តល់ឱ្យអ្នកប្រើប្រាស់ដើម្បីងាយរកឃើញ និងជៀសវាងពីការឆបោក។
នៅខែសីហា កម្មវិធី WhatsApp ក៏ត្រូវបានបន្ថែមនូវមុខងារសុវត្ថិភាពថ្មីមួយដែលត្រូវបានបង្កើតឡើងសម្រាប់ជួយអ្នកប្រើប្រាស់ឱ្យរកឃើញការឆបោក នៅពេលពួកគេត្រូវបានបន្ថែមទៅក្នុងក្រុមជជែកពីទូរស័ព្ទដែលមិនស្គាល់។ មុខងារនេះបង្ហាញ “Safety Overview” Context Card ជាមួយនឹងព័ត៌មានអំពីថ្ងៃបង្កើតក្រុម ចំនួនសមាជិក ការប៉ុនប៉ងឆបោក និងការណែនាំលម្អិតពីរបៀបគ្រប់គ្រង ដែលអាចបន្ថែមអ្នកប្រើប្រាស់ទៅក្នុងក្រុម WhatsApp។ ដើម្បីការពារអ្នកប្រើប្រាស់ប្រឆាំងនឹង ជនខិលខូចដែលព្យាយាមចូលទៅកាន់គោលដៅដោយផ្ទាល់ WhatsApp ក៏ជូនដំណឹងអ្នកប្រើប្រាស់ នៅពេលពួកគេត្រូវបានទាក់ទងដោយអ្នកក្រៅពីបញ្ជីទំនាក់ទំនងរបស់ពួកគេ (Contact List) ដោយផ្តល់នូវព័ត៌មានបន្ថែមអំពីដៃគូជជែកដែលកំពុងតែផ្ញើសារ។ ក្រុមហ៊ុនក៏បានបង្ហាញនៅសប្តាហ៍នេះថា ខ្លួនបានបិទគណនីជិត ៨០០លានតាំងពីដើមឆ្នាំមក ដែលទាក់ទងនឹងមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសឡាវ កម្ពុជា ភូមា អារ៉ាប់រួម និងហ្វីលីពីន។ ក្រុមហ៊ុនក៏បានលុបគេហទំព័រ (Pages) មិនតិចជាង ២១,០០០ និងគណនីដែលបន្លំជា Customer Support ដែលប៉ុនប៉ងឆបោកជនរងគ្រោះឱ្យចែករំលែកព័ត៌មានសម្ងាត់។ កាលពីដើមឆ្នាំ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្សក៏ធ្វើការជាមួយ OpenAI ដើម្បីបង្រ្កាបមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជាដែលទាក់ទងនឹងបណ្តុំនៃការឆបោកចាប់ពីការផ្តល់ការទូទាត់ក្លែងក្លាយសម្រាប់ការ Likes ក្លែងក្លាយ និងការចុះឈ្មោះជនរងគ្រោះទៅក្នុងគម្រោងពីរ៉ាមីតដូចជាក្រុមហ៊ុនម៉ូតូ Lighting Shared Scooter Company (LSSC) រហូតដល់ការទាក់ទាញគោលដៅឱ្យវិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥









