ប៉ូលីសនៅអង់គ្លេសបានជួយដល់ការផ្តន្ទាទោស នៅក្នុងអ្វីដែលគេជឿជាក់ថា ជាការរឹបអូសប្រាក់គ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ដែលមានតម្លៃមិនតិចជាង ៥,៥ពាន់លានផោន (៧,៣ពាន់លានដុល្លារ)។
ជនល្មើស Zhimin Qian អាយុ ៤៧ឆ្នាំ ដែលគេស្គាល់ថាជា Yadi Zhang បានសារភាពកំហុសនៅថ្ងៃនេះនៅតុលាការ Southwark Crown។ ប៉ូលីសបាននិយាយថា គាត់បានធ្វើផែនការក្លែងបន្លំ Bitcoin ជាច្រើនពាន់លានផោន ហើយបានឆបោកជនរងគ្រោះជាង ១២៨,០០០នាក់នៅក្នុងប្រទេសចិន ចន្លោះឆ្នាំ២០១៤ និង២០១៧។ Qian គឺជាមេក្លោងនៅពីក្រោយក្រុមហ៊ុនមួយ ដែលបានសន្យាអ្នកវិនិយោគទទួលបាននូវប្រាក់ចំណេញដ៏ច្រើនចាប់ពី ១០០-៣០០% ទៅលើការវិនិយោគរបស់ពួកគេ។ តាមរយៈផែនការនេះ ជនល្មើសបានប្រមូលប្រាក់ ៤០ពាន់លានយ័នពីអ្នកវិនិយោគ ១៣០,០០០នាក់។
ជនល្មើសបានប្រើឈ្មោះហៅក្រៅថា “Bitcoin Queen” សម្រាប់ការផ្សព្វផ្សាយរបស់នាងអំពី Bitcoin នៅប្រទេសចិនជាកន្លែងដែលនាងបានផ្សព្វផ្សាយអំពីប្រាក់គ្រីបតូថាជា “មាសឌីជីថល”។ នៅពេលផែនការបរាជ័យនៅឆ្នាំ២០១៧ នាងបានបំលែងប្រាក់ទាំងនោះទៅជា Bitcoin រួចរត់គេចខ្លួនពីប្រទេសចិនទៅកាន់ចក្រភពអង់គ្លេស។ ប៉ូលីសអង់គ្លេសបានចាប់ផ្តើមស៊ើបអង្កេតនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីទទួលបានព័ត៌មានអំពីចលនានៃទ្រព្យគ្រីបតូដែលត្រូវបានលួច ហើយបានរឹបអូស Bitcoin ៦១,០០០។ នៅពេលរឹបអូស គ្រីបតូមានតម្លៃរាប់រយលានផោន ដោយការកើនឡើងតម្លៃរបស់ Bitcoin ពីមួយឆ្នាំទៅមួយឆ្នាំ ឥឡូវនេះវាមានតម្លៃប្រហែល ៥,៥ពាន់លានផោន។
បន្ទាប់ពីបានមកដល់អង់គ្លេស ជនល្មើស Qian មានបំណងលាងលុយតាមរយៈការទិញទ្រព្យសម្បត្តិដោយមានជំនួយពី Jian Wen។ ការចាប់ខ្លួនរបស់នាងនៅឆ្នាំ២០១៨ បានជំរុញឱ្យមានការស៊ើបអង្កេតជាច្រើនឆ្នាំ ដោយទាមទារនូវភស្តុតាងពីយុត្តាធិការជាច្រើន និងកិច្ចសហប្រតិបត្តការជាមួយអ្នកអនុវត្តច្បាប់ចិន។ អ្នកសមគំនិត Wen ក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ៨ខែពីបទសមគំនិត។ ប្រធានការិយាល័យសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មសាយប័រ Met បានរៀបរាប់ថា ការទទួលខុសត្រូវនៅថ្ងៃនេះបង្ហាញពីចំណុចកំពូលនៃការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជាច្រើនឆ្នាំរបស់ក្រុមការងារសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មសាយប័រ Met និងដៃគូ។ នេះជាករណីលាងលុយធំបំផុតនៅក្នុងប្រតិ្តសាស្ត្រអង់គ្លេស ហើយក៏ជាករណីប្រាក់គ្រីបតូដែលមានតម្លៃថ្លៃជាងគេផងដែរ។
គួររំលឹកផងដែរថា នៅឆ្នាំ២០២២ មានករណីរឹបអូស Bitcoin ប្រមាណជា ៩៤,០០០ របស់ក្រសួងយុត្តិធម៌អាមេរិក ដែលទាក់ទងនឹងការហេគ Bitfinex ដែលមានតម្លៃ ៣,៦ពាន់លានដុល្លារផងដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥









