ជនជាតិរុស្ស៊ីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំបន្ទាប់ពីសារភាពបទល្មើស Initial Access Broker (IAB) នៅក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិត Yanluowang។ជនល្មើស Aleksey Olegovich Volkov (ឬឈ្មោះអនឡាញ Chubaka.kor និង Nets) អាយុ ២៦ឆ្នាំ បានសារភាពនៅខែវិច្ឆិកាថា គាត់បានកំណត់គោលដៅលើក្រុមហ៊ុនចំនួន៨ នៅទូទាំងសហរដ្ឋអាមេរិកនៅចន្លោះខែកក្កដា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២២។ ជនល្មើស Volkov បានថ្លែងថា គាត់បានបំពានលើបណ្តាញណិតវើកសាជីវកម្ម និងបានលក់ដំណើរការនោះទៅឱ្យប្រតិបត្តិការ Yanluowang Ransomware-as-a-service (RaaS) ដែលសាខារបស់ពួកគេបានអ៊ីនគ្រីបទិន្នន័យជនរងគ្រោះ និងបានផ្ញើសារជម្រិតទារប្រាក់ចាប់ពី ៣០០,០០០ដុល្លារទៅ ១៥លានដុល្លារ។
ជនល្មើសត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក បន្ទាប់ពីការចាប់ខ្លួននៅប្រទេសអ៊ីតាលីកាលពីដើមឆ្នាំ២០២៤។ ព្រះរាអាជ្ញាអាមេរិកបានចោទប្រកាន់ជនល្មើស បន្ទាប់ពីក្រុម Yanluowang បានលួចឯកសារពី Cisco Employee’s Box Folder ប៉ុន្តែបរាជ័យក្នុងការអ៊ីនគ្រីបប្រព័ន្ធ។ ជនល្មើសបានសារភាពថា គាត់ និងបក្ខពួកបានលួចហេគចូលក្នុងបណ្តាញណិតវើកកុំព្យូទ័ររបស់ជនរងគ្រោះ លួចទិន្នន័យរបស់ពួកគេ ដាក់ពង្រាយមេរោគចាប់ជម្រិត ទាមទារប្រាក់លោះជាប្រាក់គ្រីបតូជាថ្នូរនឹងការរក្សាទុកទិន្នន័យ បើយោងតាមក្រសួងយុត្តិធម៌។
ដូចដែលបានបង្ហាញនៅក្នុងឯកសារតុលាការ FBI បានស្តារ Chat Logs ទិន្នន័យដែលបានលួច អត្តសញ្ញាណណិតវើករបស់ជនរងគ្រោះ និងភស្តុតាងដែលគណនី Yanluowang Email ត្រូវបានប្រើសម្រាប់ជម្រិតទារប្រាក់ បន្ទាប់ពីការរឹបអូសម៉ាស៊ីនមេដែលទាក់ទងនឹងក្រុមមេរោគចាប់ជម្រិត។ ពួកគេក៏បានតាមដានអត្តសញ្ញាណរបស់ Volkov តាមរយៈ Apple iCloud Data កំណត់ត្រា Cryptocurrency Exchange និងគណនីផ្សព្វផ្សាយសង្គម (រួមមានគណនី Twitter) ដែលទាក់ទងទៅនឹងលិខិតឆ្លងដែន និងលេខទូរស័ព្ទជនជាតិរុស្ស៊ី។ Chat Logs ដែលរកឃើញបានបង្ហាញពីការចរចាតម្លៃលោះជាមួយអ្នកសមគំនិតពីភាគរយនៃការទូទាត់ប្រាក់លោះ ជាថ្នូរនឹងការផ្តល់ព័ត៌មានសម្ងាត់។ ភ្នាក់ងារ FBI បានថ្លែងថា ភាគរយរបស់ Volkov ដែលប្រមូលបានពីប្រាក់លោះមានចំនួន ១,៥លានដុល្លារ។ យោងតាមលិខិតបញ្ជាក់ពីភ្នាក់ងារពិសេសបានឱ្យដឹងថា ខណៈពេលពិនិត្យមើលឯកសារដែលទទួលបានពីគណនី Apple របស់ Volkov អ្នកស៊ើបអង្កេតក៏បានរកឃើញ Screenshot នៃការជជែកជាមួយអ្នកប្រើឈ្មោះ LockBit ដែលបង្ហាញពីតំណភ្ជាប់បន្ថែមចូលទៅកាន់ក្រុមមេរោគចាប់ជម្រិត LockBit។
ជនល្មើស Volkov ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៨១ខែ និងតម្រូវឱ្យបង់ប្រាក់ ៩លានដុល្លារ សងជម្ងឺចិត្តទៅជនរងគ្រោះនៅក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិត Yanluowang។ ក្រសួងយុត្តិធម៌បានបន្ថែមថា ជនល្មើសបានយល់ព្រមបង់ប្រាក់សងទៅជនរងគ្រោះសរុប ៩,១៦លានដុល្លារ សម្រាប់ទូទាត់ការខាតបង់ជាក់ស្តែងរបស់ពួកគេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦









