ប៉ូលីសអេស្បាញបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យពីបទចូលរួមក្នុងក្រុម CyberArmy of Russia Reborn (CARR) និង Z-Pentest ដែលក្រុមទាំងពីរនេះសុទ្ធសឹងជាសកម្មជនហេគឃ័រគាំទ្រដោយរុស្ស៊ី។បើទោះជា សកម្មជនហេគឃ័រសំដៅដល់ការវាយប្រហារសាយប័រដែលប៉ុនប៉ងផ្សព្វផ្សាយសារនយោបាយ ឬមនោគមវិជ្ជាជាជាងបង្កការខូចខាត ក៏ក្រុមទាំងពីរនេះមានពាក់ព័ន្ធនឹងការវាយប្រហារដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអាមេរិក និងអឺរ៉ុបដែរ។ ការចោទប្រកាន់ថ្មីៗលើសមាជិកក្រុម CARR ម្នាក់ទៀតដែលមានឈ្មោះថា Victoria Eduardovna Dubranova បានបង្ហាញថា ក្រុមហេគឃ័របានធ្វើការវាយប្រហារសាយប័រប្រឆាំងនឹងរោងចក្រផលិតទឹក និងចំណីអាហារ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនរស់នៅអាមេរិក។
រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើជនសង្ស័យទាំងពីររូបរួមមាន Yuliya Vladimirovna Pankratova និង Denis Olegovich Degtyarenko ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹង SCADA Systems របស់ក្រុមហ៊ុនថាមពលអាមេរិក។ CARR ក៏ជាប់ទាក់ទងនឹងក្រុមគំរាមកំហែងដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី APT44, aka Sandworm ដែលគេស្គាល់ថា បានលាក់បាំងសកម្មភាពនៅពីក្រោយសមូហភាពក្រុមសកម្មជនហេគឃ័រ។
យោងតាមការប្រកាសរបស់ប៉ូលិសអេស្បាញបានឱ្យដឹងថា ជនល្មើសម្នាក់ដែលត្រូវបានចាប់ខ្លួនរស់នៅ Palencia បានផ្តល់នូវការគាំទ្រផ្នែកភស្តុភារ និងប្រតិបត្តិការដល់ហេគឃ័រអ៊ុយក្រែន ដែលបានធ្វើប្រតិបត្តិការឱ្យក្រុម CARR។ អ្នកស៊ើបអង្កេតបានថ្លែងថា បុរសម្នាក់នោះបានប៉ុនប៉ងសម្របសម្រួលដល់ការគេចខ្លួនរបស់ពួកហេគឃ័រទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសប៉ូឡូញ និង Belarus។ ប៉ូលិសបានបន្ថែមថា ជនល្មើសក៏បានប្រើកម្មវិធីផ្ញើសារដែលត្រូវបានអ៊ីនគ្រីបផ្សេងៗដើម្បីរក្សាទំនាក់ទំនង (Contact) ជាមួយសមាជិកផ្សេងរបស់ក្រុមភេរវករទាំងនេះ ដោយការសម្របសម្រួលសកម្មភាព និងផ្តល់នូវការគាទំ្រដល់ប្រតិបត្តិការរបស់ពួកគេ។ យោងតាមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនល្មើសបានចូលចូលក្នុងសកម្មភាពរបស់ក្រុមសកម្មជនហេគឃ័រដែលគាំទ្រដោយរុស្ស៊ី NoName057(16)។ ប្រតិបត្តិការទាំងនេះក្រោយមកត្រូវបានរៀបរាប់នៅលើគេហទំព័រដែលទាក់ទងនឹងភូមិសាស្រ្តនយោបាយក្នុងគោលបំណងផ្សព្វផ្សាយការគាំទ្រដល់រុស្ស៊ី ហើយប្រឆាំងនឹងលោកខាងលិច។ ប៉ូលិសអេស្បាញបានធ្វើសកម្មភាពបន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារ FBI និងដាក់ចេញការស៊ើបអង្កេតនៅខែសីហា ឆ្នាំ២០២៥។ នៅខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានចុះឆែកឆេរផ្ទះជនសង្ស័យនៅ Palencia និងបានរឹបអូសកុំព្យូទ័រ ព្រមទាំងឧបករណ៍រក្សាទុកប្រាក់គ្រីបតូ ដែលនឹងត្រូវបានប្រើនៅក្នុងដំណើរការស៊ើបអង្កេត។ មន្រ្តីក៏បានបង្កកកាបូបប្រាក់គ្រីបតូ ដែលទទួលបានក្នុងឧក្រិដ្ឋកម្ម ជាពិសេសការលក់ទិន្នន័យដែលលួចបាន។
បច្ចុប្បន្ន ជនសង្ស័យដែលចាប់ខ្លួនបានកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ហើយមិនទាន់ជាប់ចោទជាក់លាក់ណាមួយជាផ្លូវការនោះទេ ប៉ុន្តែបើយោងតាមប៉ូលិសបានឱ្យដឹងថា ជនល្មើសត្រូវបានសង្ស័យថា ជាសមាជិក និងសហការជាមួយក្រុមភេរវកម្ម និងការបំផ្លាញកុំព្យូទ័រ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦










