Monday, August 3, 2026

Amazon ត្រូវពិន័យជាប្រាក់ ២,២៥លានដុល្លារពីបទ មិនផ្តល់ព័ត៌មានឆបោកទៅឱ្យជនរងគ្រោះ

0

គណៈកម្មការសហព័ន្ធពាណិជ្ជកម្មសហរដ្ឋអាមេរិក (FTC) បានថ្លែងថា ក្រុមហ៊ុន Amazon ត្រូវបង់ប្រាក់ផាកពិន័យចំនួន ២,២៥លានដុល្លារពីបទរារាំងជនរងគ្រោះមិនឱ្យទទួលបានព័ត៌មានទាក់ទងនឹងការលួចទិន្នន័យរបស់ពួកគេ។យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានខកខានក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងប្រតិបត្តិការក្លែងបន្លំ ដែលបានធ្វើឡើងនៅក្នុងឈ្មោះរបស់ពួកគេ ដូចដែលបានទាមទារដោយច្បាប់ស្តីពីការរាយការណ៍ឥណទានដោយយុត្តិធម៌ (FCRA) ជំពូក 609(e)។ គណៈកម្មការ FTC បានថ្លែងថា ភ្នាក់ងារសេវាអតិថិជន Amazon បានបដិសេធចំពោះអតិថិជនជាច្រើនដែលបានទាក់ទងទៅកាន់ក្រុមហ៊ុនស្នើសុំកំណត់ត្រា (Records) ដែលឆបោកផ្អែកលើហេតុផល “ឯកជនភាព (Privacy)” និង “សុវត្ថិភាព (Security)” ។ ទោះជាក្រុមហ៊ុនបានផ្តល់ឯកសារដែលត្រូវបានស្នើសុំក៏ដោយ ក៏ក្រុមហ៊ុនយឺតយាវក្នុងការផ្តល់ព័ត៌មានក្នុងរយៈពេល ៣០ថ្ងៃ ដែលតម្រូវដោយ FCRA ផងដែរ។

នៅក្នុងពាក្យបណ្តឹងបានចោទប្រកាន់ថា ភ្នាក់ងារក្រុមហ៊ុន Amazon បានប្រាប់អតិថិជនថា ពួកគេមិនអាចចូលដំណើរការកំណត់ត្រាដែលស្នើសុំនោះបានទេ។ ក្រុមហ៊ុន Amazon ក៏បានបដិសេធមិនព្រមផ្តល់កំណត់ត្រា Application និងប្រតិបត្តិការអាជីវកម្ម (Business Transaction Records) ទៅឱ្យភ្នាក់ងារអនុវត្តច្បាប់ ដែលមានសិទ្ធិ និងបានដាក់សំណើទៅក្រុមហ៊ុន Amazon តំណាងឱ្យអតិថិជន ដែលជាជនរងគ្រោះដោយសារការលួចអត្តសញ្ញាណទាំងនោះទេ។ អ្នកប្រើប្រាស់មួយចំនួនក៏បានផ្ញើច្បាប់ចម្លងអំពីការណែនាំរបស់ FCRA និង FTC ទៅកាន់ក្រុមហ៊ុន Amazon ដោយសង្ឃឹមថា នឹងទទួលបានកំណត់ត្រាដែលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុន Amazon នៅតែបដិសេធមិនព្រមអនុវត្តតាមច្បាប់។

បន្ថែមពីលើប្រាក់ពិន័យចំនួន ២,២៥លានដុល្លារ ក្រុមហ៊ុន Amazon ក៏ត្រូវផ្តល់ព័ត៌មាន ឬកំណត់ត្រានៃការលួចអត្តសញ្ញាណដែលអតិថិជនបានស្នើសុំតាមសំណើទៅឱ្យពួកគាត់ និងភ្នាក់ងារអនុវត្តច្បាប់នៅក្នុងរយៈពេល ៣០ឆ្នាំដូចដែលបានធានាដោយ FCRA។ ក្រុមហ៊ុន Amazon ក៏ត្រូវបានបញ្ជាឱ្យជូនដំណឹងទៅកាន់អតិថិជនដែលស្នើសុំកំណត់ត្រាតាំងពីខែមេសា ឆ្នាំ២០២៤ ប៉ុន្តែមិនទាន់បានទទួល។

គួររំលឹកដែរថា ហាងលក់ទំនិញ Kohl ក៏ត្រូវបង់ប្រាក់ពិន័យចំនួន ២២០,០០០ដុល្លារកាលពី៦ឆ្នាំមុនផងដែរ ដើម្បីទូទាត់ការចោទប្រកាន់ស្រដៀងគ្នានេះ បន្ទាប់ពីបដិសេធមិនព្រមផ្តល់កំណត់ត្រានៃប្រតិបត្តិការក្លែងបន្លំទៅឱ្យជនរងគ្រោះដែលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ក្លែងបន្លំអត្តសញ្ញាណ។ នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន Amazon ក៏បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ២៥លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ ដែលខ្លួនបានរំលោភលើច្បាប់ឯកជនភាពរបស់កុមារ ទាក់ទងនឹង Alexa Voice Assistant Service របស់ខ្លួន។ ជាងនេះទៀត កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Amazon ក៏បានបង់ប្រាក់ចំនួន ២,៥ពាន់លានដុល្លារផ្សេងទៀត ដើម្បីដោះស្រាយបណ្តឹងសមាជិកភាព Prime ដែលបានចោទប្រកាន់ថា ខ្លួនបានប្រើ Dark Patterns ដើម្បីបញ្ឆោតអ្នកប្រើប្រាស់រាប់លាននាក់ឱ្យចុះឈ្មោះក្នុងកម្មវិធី Prime របស់ខ្លួន និងពិបាកក្នុងការលុបចោលការជាវ (Subscriptions)។

https://www.bleepingcomputer.com/news/security/amazon-fined-225m-for-withholding-evidence-from-fraud-victims/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here