ក្រុមជំរិតទារប្រាក់តាមអ៊ីនធឺណិត FulcrumSec បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលួចទិន្នន័យរបស់ Manchester Airports Group (MAG) និងបានលួចទិន្នន័យប្រហែល 86 GB។តាមការពិនិត្យគំរូទិន្នន័យដោយ BleepingComputer ទិន្នន័យដែលលេចធ្លាយមានភាពដូចគ្នាទៅនឹង ព័ត៌មានដែល MAG បានប្រកាស ប៉ុន្តែវាបង្ហាញថា បរិមាណ និងទិន្នន័យលម្អិតរបស់អតិថិជន ព័ត៌មានការកក់សំបុត្រ និងព័ត៌មានធ្វើដំណើរអាចមានច្រើន និងលម្អិតជាងអ្វីដែលបានបង្ហាញ។
គួររំលឹកដែរថា Manchester Airports Group (MAG) ដែលជាប្រតិបត្តិករអាកាសយានដ្ឋានធំបំផុតនៅចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី27 ខែសីហា ថា មានបុគ្គលដែលគ្មានការអនុញ្ញាតបានលួចទិន្នន័យអតិថិជន ដែលពាក់ព័ន្ធនឹង៖ Manchester Airport, London Stansted Airport និង East Midlands Airport។
ការលេចធ្លាយនេះពាក់ព័ន្ធនឹងព័ត៌មានដែលអតិថិជនបានផ្តល់ពេលកក់សេវា និងប្រើប្រាស់សេវាឌីជីថលនៅអាកាសយានដ្ឋាន។ ទិន្នន័យដែលត្រូវបានអះអាងថាលេចធ្លាយរួមមាន៖ ប្រវត្តិការទិញ Fast Track និងព័ត៌មានការកក់, ពេលវេលាកក់ និងពេលវេលាមកដល់ដែលបានកំណត់, Terminal ដែលអ្នកដំណើរបានប្រើ, ចំនួនប្រាក់ដែលបានបង់ និងការចំណាយសរុប, លេខយោងការទិញ និងគោលបំណងនៃការធ្វើដំណើរ។
សូមបញ្ជាក់ដែរថា FulcrumSec ជាក្រុមឧក្រិដ្ឋកម្មសាយប័រដែលប្រើការលួចទិន្នន័យ និងការគំរាមបង្ហាញជាសាធារណៈ ដើម្បីជំរិតទារប្រាក់ ជាជាងការអ៊ិនគ្រីបប្រព័ន្ធរបស់ជនរងគ្រោះ។
MAG មិនទទួលស្គាល់ជាក់លាក់ចំពោះការអះអាងអំពីទំហំ និងប្រភេទទិន្នន័យដែល FulcrumSec និយាយថាបានលួចទេ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនបានជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់ និងចាត់វិធានការការពារ។
ករណីនេះត្រូវបានចាត់ទុកថា ជាការលេចធ្លាយទិន្នន័យអតិថិជនដ៏ធំបំផុតដែលគេដឹងថាបានកើតឡើងចំពោះប្រតិបត្តិករអាកាសយានដ្ឋាននៅចក្រភពអង់គ្លេស ហើយមានហានិភ័យបំផុតចំពោះអតិថិជនដោយសារការប្រើព័ត៌មានដែលលេចធ្លាយ ដើម្បីធ្វើ Phishing និងការឆបោកក្លែងធ្វើជាក្រុមហ៊ុនអាកាសយានដ្ឋាន។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦










