សមាជិកដែលសង្ស័យថាជាផ្នែកមួយនៃក្រុម ShinyHunters ដែលប្រើឈ្មោះអនឡាញ “Rey” ត្រូវបានរាយការណ៍ថា ចាប់ខ្លួននៅប្រទេស Jordan ហើយកំពុងសហការជាមួយ FBI ដើម្បីជួយស្វែងរកសមាជិករបស់ក្រុមផ្សេងទៀត។ជនល្មើសកំពុងជួយសមត្ថកិច្ចពិនិត្យ និងពន្យល់អំពីទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិក និងការទំនាក់ទំនងឌីជីថលរបស់ខ្លួន ដើម្បីរកតម្រុយអ្នកផ្សេងទៀត។ ការឃាត់ខ្លួន Saif al-Din Khader (“Rey”) កើតឡើងចំពេលដែល FBI កំពុងបង្ក្រាបក្រុម ShinyHunters បន្ទាប់ពីក្រុមនេះត្រូវបានចោទថា បានវាយប្រហារប្រព័ន្ធ FBI។
នៅខែកញ្ញា ShinyHunters បានអះអាងថា ខ្លួនបានចូលប្រព័ន្ធ FBI ដោយប្រើចំណុចខ្សោយ Oracle PeopleSoft Zero-day ហើយបន្ទាប់មកបានផ្លាស់ទីចូលទៅកាន់ប្រព័ន្ធ AWS GovCloud ដែលគ្រប់គ្រងដោយ FBI។ ក្រុមនេះអះអាងថា បានលួចទិន្នន័យប្រហែល 2–3 TB រួមមានព័ត៌មានរបស់បុគ្គលិក FBI បច្ចុប្បន្ន និងអតីតបុគ្គលិក អ្នកដាក់ពាក្យសុំការងារ និងព័ត៌មានវេជ្ជសាស្ត្រ/ផ្លូវចិត្ត។
FBI បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតការអះអាងអំពីការចូលប្រព័ន្ធដោយគ្មានការអនុញ្ញាត ប៉ុន្តែមិនបានបញ្ជាក់ថាមានទិន្នន័យត្រូវបានលួចទេ។
ក្រៅពីនោះ ប៉ូលិសហូឡង់បានចាប់ខ្លួនបុរសម្នាក់ផ្សេងទៀតអាយុ 24 ឆ្នាំនៅ Amsterdam នៅថ្ងៃទី15 កញ្ញា ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើក្រុម ShinyHunters។ គេបានកំណត់អត្តសញ្ញាណគាត់ថាជា Pepijn van der Stap ដែលធ្លាប់ប្រើឈ្មោះអនឡាញ “Umbreon”។ FBI ក៏បានព្រមានសមាជិក ShinyHunters ផ្សេងទៀតឱ្យចូលប្រគល់ខ្លួនដោយនិយាយថា អ្នកស៊ើបអង្កេតនៅតែបន្តកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធ។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ data leak site ថ្មីមួយរបស់ ShinyHunters បានបើកឡើងវិញ រួមទាំងបានបង្ហាញថា សមាជិកផ្សេងទៀតអាចនៅតែបន្តប្រតិបត្តិការជំរិតទារប្រាក់។
បន្ទាប់ពីការចាប់ខ្លួនសមាជិកដែលសង្ស័យពីរនាក់ សកម្មភាពមួយចំនួនរបស់ ShinyHunters បានស្ងាត់ និង Infrastructure ខ្លះបានបិទ ប៉ុន្តែការបើក Data Leak Site ថ្មី បង្ហាញថា ក្រុមនេះអាចនៅតែមានសមាជិកផ្សេងទៀតដែលកំពុងបន្តប្រតិបត្តិការនៅឡើយ។
គួររំលឹកដែរថា ShinyHunters គឺជាក្រុមជំរិតទារប្រាក់តាមអ៊ីនធឺណិត ដែលបានធ្វើឱ្យស្ថាប័នអនុវត្តច្បាប់មានការលំបាកជាយូរមកហើយ ដោយធ្វើការលួចទិន្នន័យទ្រង់ទ្រាយធំ និងការជំរិតទារប្រាក់ពីអង្គការជាច្រើននៅទូទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ShinyHunters បានផ្តោតលើ Salesforce និង cloud SaaS platforms ផ្សេងៗ។ ការវាយប្រហាររបស់ពួកគេត្រូវបានភ្ជាប់ទៅនឹងការលួចទិន្នន័យពីក្រុមហ៊ុនដូចជា Google, Cisco និង PornHub។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦










