Saturday, November 14, 2026

ប្រទេសន័រវែស ពិន័យក្រុមហ៊ុនពាណិជ្ជកម្មរបស់ Microsoft ចំនួន ៩,៦ លានដុល្លារ ពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យរបស់ Grindr

0

អាជ្ញាធរន័រវែសពិន័យក្រុមហ៊ុន Xandr ចំនួន ៩.៦លានដុល្លារ ជុំវិញការរំលោភបំពានទិន្នន័យឯកជនភាពក្នុងកម្មវិធី Grindr

អាជ្ញាធរការពារទិន្នន័យន័រវែស (Datatilsynet) បានប្រកាសពិន័យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Xandr (បច្ចុប្បន្នជាក្រុមហ៊ុនចំណុះ Microsoft) ជាប្រាក់ចំនួន ៩.៦ លានដុល្លារអាមេរិក (ស្មើនឹង ៩២ លានក្រូណាន័រវែស)។ នេះជាទំហំពិន័យធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាជ្ញាធរនេះ ដោយសារតែក្រុមហ៊ុនបានប្រមូលដំណើរការ និងចែករំលែកទិន្នន័យរសើបរបស់អ្នកប្រើប្រាស់កម្មវិធី Grindr ដោយខុសច្បាប់។ លោកស្រី Line Coll អគ្គនាយិកា Datatilsynet បានបញ្ជាក់ថា វិធានការនេះត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយសារការរំលោភបំពានមានភាពធ្ងន់ធ្ងរខ្លាំង និងបានប៉ះពាល់ដល់ទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់។

តាមលទ្ធផលនៃការស៊ើបអង្កេត ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន Xandr បានគ្រប់គ្រងប្រព័ន្ធដេញថ្លៃពាណិជ្ជកម្មតាមពេលវេលាជាក់ស្តែង (Real-Time Bidding) ឱ្យកម្មវិធី Grindr ដែលជាកម្មវិធីណាត់ជួបសម្រាប់សហគមន៍ LGBTQ+។ ក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យរួម ក្រុមហ៊ុន Xandr ត្រូវតែមានកាតព្វកិច្ចផ្ទៀងផ្ទាត់ និងទទួលបានការយល់ព្រមច្បាស់លាស់ពីម្ចាស់ទិន្នន័យ ប៉ុន្តែក្រុមហ៊ុនបែរជាសន្មតដោយគ្មានការផ្ទៀងផ្ទាត់ថា Grindr ទទួលបានការយល់ព្រមរួចរាល់ហើយ។ កង្វះចន្លោះប្រហោងផ្នែកច្បាប់នេះ បានធ្វើឱ្យព័ត៌មានរសើបជាច្រើន រួមទាំងទំនោរផ្លូវភេទ និងទីតាំងភូមិសាស្ត្ររបស់អ្នកប្រើប្រាស់ ត្រូវបង្ហាញទៅកាន់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មរាប់ពាន់ដោយគ្មានការអនុញ្ញាត។

សេចក្តីសម្រេចនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអង្គការការពារសិទ្ធិឯកជនភាព Noyb (ប្រទេសអូទ្រីស) និងក្រុមប្រឹក្សាអ្នកប្រើប្រាស់ន័រវែស (Forbrukerrådet) ដែលជាអ្នកដាក់ពាក្យបណ្តឹងដំបូងកាលពីដើមឆ្នាំ២០២០។ តំណាងអង្គការ Noyb បានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការវាយប្រហារដ៏ធំមួយទៅលើឧស្សាហកម្ម AdTech» ព្រោះវាបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរទិន្នន័យដោយសម្ងាត់ និងខ្វះតម្លាភាព។ ការពិន័យនេះគឺជាការព្រមានយ៉ាងច្បាស់ថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ត្រូវតែទទួលខុសត្រូវ និងមានមូលដ្ឋានច្បាប់ត្រឹមត្រូវ មុននឹងប្រមូល ឬបង្កើតទម្រង់ព័ត៌មាន (User Profiling) របស់អ្នកប្រើប្រាស់។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Microsoft បានបញ្ជាក់ថា សកម្មភាពបំពានដែលត្រូវបានស៊ើបអង្កេតនោះ គឺជាព្រឹត្តិការណ៍ដែលបានកើតឡើងមុនពេល Microsoft ទិញយកក្រុមហ៊ុន Xandr ម្ល៉េះ។ លើសពីនេះ បទប្បញ្ញត្តិ និងការបកស្រាយច្បាប់នាពេលបច្ចុប្បន្នក៏មានការប្រែប្រួលច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ Microsoft នឹងបន្តសិក្សាពិនិត្យ​លើសេចក្តីសម្រេចនេះយ៉ាងល្អិតល្អន់ ដើម្បីវាយតម្លៃជម្រើស និងផ្លូវច្បាប់ដែលត្រូវអនុវត្តបន្ត។

បច្ចុប្បន្ន ក្រុមហ៊ុន Xandr (ដំណើរការក្រោមឈ្មោះ Microsoft Advertising) ត្រូវបានផ្តល់ពេលវេលាចំនួន ៣ សប្តាហ៍ ដើម្បីដាក់ពាក្យប្តឹងឧទ្ធរណ៍។ ករណីនេះបានក្លាយជាបទដ្ឋានគំរូមួយក្នុងវិស័យបច្ចេកវិទ្យា ដោយបញ្ជាក់យ៉ាងច្បាស់ថា ការប្រមូល និងចែករំលែកទិន្នន័យបុគ្គល ឬទិន្នន័យរសើប មិនអាចធ្វើឡើងផ្អែកលើការសន្មតនោះឡើយ ពោលគឺតម្រូវឱ្យមានការយល់ព្រមដោយផ្ទាល់ និងត្រឹមត្រូវតាមច្បាប់ជាដាច់ខាត។

https://www.bleepingcomputer.com/news/security/norway-fines-microsoft-ad-firm-96-million-over-grindr-data-sharing/

ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here