ក្រុមអ្នកជំនាញ៖ «វីរុស Petya ដែលកំពុងអុកឡុកពិភពលោក មិនមែនមានគោលដៅតែជម្រិតទារប្រាក់នោះទេ គឺវាចង់បំផ្លាញទិន្នន័យកុំព្យូទ័រចោលតែម្តង!»

0

(ឡុងដ៍)៖ ខណៈកម្មវិធីវីរុស​ឈ្មោះថា Petya បាននិងកំពុងលុកលុយលើប្រព័ន្ធកុំព្យូទ័រ របស់បណ្ដាក្រុមហ៊ុន និងស្ថាប័នជាច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញមួយ​ចំនួនយល់ថា ពួកចោរ​ព័ត៌មានវិទ្យា ឬH​acker ដែលនៅពីក្រោយ​ការបង្កើតវីរុស​ព័ត៌មានវិទ្យានេះ មិនមែនមា​នគោលដៅជំរិតទារ​ប្រាក់ពីអ្នកប្រើប្រាស់​នោះទេ តែពួកគេមាន​បំណង បំផ្លាញទិន្នន័យកុំព្យូទ័រ​ចោលតែម្ដង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី៣០​​ ខែមិថុនា ឆ្នាំ២០១៧។

មិនខុសគ្នា​ពីវីរុស Wannacry ដែលបានបង្កផល​ប៉ះពាល់ដល់កុំព្យូទ័រ​ច្រើនជាង ២៣០,០០០គ្រឿង​ នៅទូទំាង១៥០ប្រទេស​នាពេលថ្មីនេះទេ ដោយវីរុស Petya ​គឺមានសមត្ថភាព​រីករាលដាល យ៉ាងឆាប់រហ័ស​លើកុំព្យូទ័រអ្នកប្រើប្រាស់កម្មវិធី​ របស់ក្រុមហ៊ុន Microsoft។ ជាងនេះទៅទៀត នៅពេល​ដែលវីរុសនេះ​ជ្រាបចូល នោះវានឹង​ធ្វើឱ្យកុំព្យូទ័រគាំងដំណើរ​ការមិនកើត ហើយបើ សិនជាង​ចង់ដំណើការ​ឡើងវិញ ទាល់តែបង់ប្រាក់​តាមការទាមទារ​ពីសំណាក់ពួក Hacker យ៉ាងហោច​ណាស់ក៏ ៣០០ដុល្លារដែរ។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញ​ព័ត៌មានវិទ្យា​ដូចជា លោក Matt Suiche យល់ថាពួកHacker មិនមែនប្រើប្រាស់​វីរុស Petya​ ដើម្បីជំរិតទារ​ប្រាក់ឡើយ ក៏ប៉ុន្តែគឺដើម្បី​បំផ្លាញទិន្នន័យចោល ជាក់ស្ដែងពួកគេ​ក៏ធ្លាប់បានធ្វើដូចនេះ​ផងដែរ លើប្រព័ន្ធកុំព្យូទ័រ​របស់រដ្ឋាភិបាល​អ៊ុយក្រែន ជាទីដែលវីរុស​នេះចាប់រីករាលដាល​ដំបូងគេ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញព័ត៌មានវិទ្យា ដើម្បីការពារ​កុំព្យូទ័រពីវីរុស Petya អ្នកប្រើប្រាស់ គប្បីត្រូវតែ​ប្រុងប្រយ័ត្ន ចំពោះការចូល​ទៅអានសារ ឬ website ដែលមាន​ប្រភព​មិនច្បាស់លាស់ ស្របពេលមក​ទល់ពេលនេះ គេមិនទាន់បញ្ជាក់​បាននៅឡើយទេថា អ្នកណាជាអ្នក​នៅពីក្រោយ​ការបង្កើតវីរុស Petya ដោយគ្រាន់តែគេ​សង្ស័យថា អ្នកបង្កើតវីរុសនេះ​ឡើងហាក់ដូចជា​មានគោលដៅលើរដ្ឋាភិបាល​អ៊ុយក្រែន៕ ​ ​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here