ហេគឃ័រពីររូបត្រូវកាត់ទោសអោយជាប់ពន្ធនាគារសម្រាប់ការហេគទៅលើ TalkTalk ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតនៅក្នុងចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ២០១៥ និងការលួចយកទិន្នន័យផ្ទាល់ខ្លួន ធនាគារ និងព័ត៌មានលម្អិតនៃកាតឥណទានដែលជាកម្មសិទ្ធិរបស់អតិថីជនច្រើនជាង 156,000 នាក់។
លោក Matthew Hanley, 23 ឆ្នាំ និងលោក Connor Allsopp, 21 ឆ្នាំមកពីតំបន់ Tamworth ស្ថិតនៅក្នុងតំបន់ Staffordshire ត្រូវកាត់ទោសនៅថ្ងៃចន្ទនេះរយៈពេល ១២ ខែ និង ៨ ខែនៅក្នុងពន្ធនាគារបន្ទាប់ពីពួកគេត្រូវចោទប្រកាន់ថាជាប់ពាក់ព័ន្ធទៅនឹងការរំលោភបំពានទិន្នន័យ TalkTalk ដែលមានតម្លៃ 77 លានផោន។ តម្លៃនេះក៏មានការបញ្ចូលនូវការផាកពិន័យទឹកប្រាក់ £400,000 របស់ Information Commissioner’s Office (ICO) នៅលើ TalkTalk ដែលបរាជ័យនៅក្នុងការការពារទៅលើការហេគនេះផងដែរ។
លោក Hanley បានហេគចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុននៅថ្ងៃទី ១៦ ខែតុលា និងថ្ងៃទី ២១ នៅក្នុងឆ្នាំ ២០១៥ និងលួចទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានលម្អិតធនាគារនៃអតិថិជនចំនួន 156,959 នាក់។ បន្ទាប់មកគាត់ក៏យកទិន្នន័យទាំងនោះបញ្ជូនទៅកាន់មិត្តភក្តិរបស់គាត់គឺ Allsopp ដែលលក់ទិន្នន័យនោះនៅលើអនឡាញ។ ទិន្នន័យដែលលួចបានមានដូចជាឈ្មោះ អាសយដ្ឋានប្រៃសនីយ៍ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល និងគណនី TalkTalk ។ សម្រាប់ Daniel Kelley, 21 ឆ្នាំត្រូវបានចាប់ខ្លួននឹងចោទប្រកាន់នៅក្នុងឆ្នាំ ២០១៦ ពីការលួចទិន្នន័យគណនីរបស់ TalkTalk ផងដែរ៕

ប្រភព៖
https://thehackernews.com/2018/11/talktalk-data-breach.html