វិស័យសុខភាពពិភពលោក ក៏ដូចជាវិស័យផ្សេងៗទៀតកំពុងទទួលបានការផ្លាស់ប្ដូរជាច្រើន ដោយសារបច្ចេកវិទ្យាបញ្ញានិម្មិត ឬ Artificial Intelligence ហៅកាត់ថា AI។ ការផ្លាស់ប្តូរទាំងនេះ បង្កឲ្យមានទាំងឱកាសវិជ្ជមាន ទាំងការព្រួយបារម្ភនានា។ កាលពីដើមខែមេសាឆ្នាំ២០១៩ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានដាក់ផ្សាយរបាយការណ៍ពិសេសរបស់ខ្លួនស្តីអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលត្រឹមត្រូវ ក្នុងវិស័យសុខភាពពិភពលោក ហើយបានអញ្ជើញក្រុមអ្នកជំនាញបានមកជួបពិភាក្សាអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ នៅឯវិទ្យាស្ថាន Aspen ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រាប់តាំងការជួយផ្តល់ព័ត៌មានដល់វេជ្ជបណ្ឌិតសម្រាប់ធ្វើរោគវិនិច្ឆ័យ រហូតដល់ការជួយទប់ស្តាត់ការផ្ទុះរាតត្បាតនៃជំងឺឆ្លង បច្ចេកវិទ្យាបញ្ញានិម្មិត ឬ Artificial Intelligence ហៅកាត់ថា AI នាំមកនូវការរំភើប ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខភាពពិភពលោក ខណៈពេលដែលបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ បង្ករឲ្យមានការព្រួយបារម្ភទាក់ទងនិងបញ្ហាឯកជនភាព និងការការពារទិន្នន័យសុខភាពផ្ទាល់ខ្លួនរបស់អ្នកជំងឺ។ នេះបើយោងតាមក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាបញ្ញានិម្មិត AI ដែល
បានមកជួបពិភាក្សាគ្នានៅវិទ្យាស្ថាន Aspen ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ខែមេសា។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីសម្ពោធការចេញផ្សាយ
របាយការណ៍ពិសេសរបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ស្ដីអំពីការស្វែងរកករណីប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលត្រឹមត្រូវ ក្នុងវិស័យសុខភាពពិភពលោក។ ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាបញ្ញានិម្មិត AI ទាំងនេះ បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធវិភាគ ប្រព័ន្ធព្យាករណ៍ និងប្រព័ន្ធផ្តស់អនុសាសន៍របស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីប៉ុនប៉ងជួយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសុខភាពពិភពលោកនានា។
យ៉ាងណាក្ដី បើទោះបីជាបច្ចេកវិទ្យាបញ្ញានិម្មិត AI ផ្តល់លទ្ធភាពថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះក៏ដូចជាបច្ចេកវិទ្យាគ្រប់ប្រភេទដទៃទៀតផងដែរ នឹងមិនក្លាយជាថ្នាំទិព្វដែលអាចដោះស្រាយរាល់បញ្ហានៅក្នុងវិស័យសុខភាពពិភពលោកនោះទេ។ ផ្ទុយទៅវិញបច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលមានអនុភាពដ៏ខ្លាំងនេះ នឹងជួយសម្រួលដំណើរការផ្សេងៗនៅក្នុងកិច្ចការងារថែទាំសុខភាព។