ស្វែងយល់អំពីប្រភេទមេរោគកុំព្យូទ័រ និងវិធីសាស្ត្រចំនួន១០​ ដើម្បីវិភាគរោគសញ្ញាមេរោគទាំងនោះ

0

បច្ចុប្បន្នការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រមានការកេីនឡេីងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីការរីកចម្រើននៃបច្ចេកវិទ្យា ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការបង្ហាញអំពីប្រភេទមេរោគកុំព្យូទ័រ និងវិធីសាស្ត្រចំនួន១០​ ដើម្បីវិភាគរោគសញ្ញាមេរោគទាំងនោះ។

មុននឹងចាប់ផ្តើមពណ៌នាពីវិធីសាស្ត្រទាំង១០ ដូចជម្រាបជូនខាងលើ ក្រុមការងារសូមពន្យល់អំពីមេរោគកុំព្យូទ័រជាមុនសិន។ មេរោគកុំព្យូទ័រ (Malware) គឺជាកម្មវិធីដែលបង្កប់នូវកូដ ដែលមានចេតនាព្យាបាទ ដូចជា៖ បំផ្លាញប្រព័ន្ធដំណើរការ បំផ្លាញទិន្នន័យ ឬចារកម្មព័ត៌មានជាដើម។ មេរោគកុំព្យូទ័រចែកចេញជា០៥ ប្រភេទដូចខាងក្រោម៖

ប្រភេទទី១៖ មេរោគកុំព្យូទ័រ (Computer Virus)៖ ជាប្រភេទមេរោគមានចេតនារំខាន ឬបំផ្លាញឧបករណ៍ កម្មវិធី ឬឯកសារដែលមានក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់។ រាល់ការចម្លង Computer Virus ត្រូវការសកម្មភាពមនុស្សក្នុងការចុចលើ File មេរោគ។

ប្រភេទទី២៖ មេរោគដង្កូវ (Computer Worm)
ជាប្រភេទមេរោគដែលអាចចម្លងពីកុំព្យូទ័រមួយ ទៅកាន់កុំព្យូទ័រមួយផ្សេងទៀត ដោយពុំចាំបាច់មនុស្សចុចលើ File មេរោគឡើយ ពោលវាមានសមត្ថភាពចម្លងដោយស្វ័យប្រវត្តិលើម៉ាស៊ីនកុំព្យូទ័រក្នុងបណ្តាញណេតវើក។

ប្រភេទទី៣៖ មេរោគដ្រូជែន (Torjan Horse)
ជាប្រភេទមេរោគដែលអាចបំលែងខ្លួន និងបង្កប់នូវ Backdoor អនុញ្ញាតិឧក្រិដ្ឋជនធ្វើការបញ្ជាម៉ាស៊ីនកុំព្យូទ័ររងគ្រោះពីចម្ងាយ។ មេរោគប្រភេទនេះបង្កើតឡើងក្នុងចេតនាទាញយកប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីជនរងគ្រោះ ដូចជា៖ លួចព័ត៌មានធនាការ (Banking trojan) បញ្ជាម៉ាស៊ីនរងគ្រោះក្នុងប្រតិបត្តិការ Spam Mail ឬ DDOS ។ល។

ប្រភេទទី៤៖ មេរោគចារកម្ម (Spyware)
ជាប្រភេទមេរោគដែលបង្កប់ខ្លួនក្នុងម៉ាស៊ីនកុំព្យូទ័រយ៉ាងសម្ងាត់ និងព្យាយាមលាក់ខ្លួនពីអ្នកប្រើប្រាស់។ មេរោគនេះនឹងធ្វើចារកម្មព័ត៌មាន ប្រមូលរាល់សកម្មភាពរបស់អ្នកប្រើប្រាស់ និងបញ្ជូនព័ត៌មានទាំងនោះទៅកាន់ឧក្រិដ្ឋជនតាមរយ:បណ្តាញអ៊ីនធើណេត។

ប្រភេទទី៥៖ មេរោគជម្រិតទារប្រាក់ (Ransomware)
ជាប្រភេទមេរោគដែលមាននាទីចាក់សោរាល់ឯកសារក្នុងម៉ាស៊ីនកុំព្យូទ័ររងគ្រោះ និងជម្រិតទារប្រាក់ជាថ្នូនឹងការដោះសោឯកសារទាំងនោះមកវិញ។

ដើម្បីការពារម៉ាស៊ីនកុំព្យទ័រ ឬឧបករណ៍បច្ចេកវិទ្យារបស់អ្នកពីមេរោគ ដូចជម្រាបជូនខាងលើ អ្នកគួរគប្បីដំឡើងកម្មវិធីកម្ចាត់មេរោគដែលមានអជ្ញាបណ្ណត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគទាំងនោះជាប្រចាំ។ លើសពីនេះលោកអ្នកក៏អាចធ្វើការវិភាគរោគសញ្ញាប្រសិនម៉ាស៊ីនកុំព្យូទ័របស់អ្នកបានឆ្លងមេរោគ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន១០ ដូចខាងក្រោម៖

១) កម្មវិធី Browser របស់អ្នកលេចឡើងនូវ Extension ថ្មីដែលអ្នកពុំធ្លាប់បានដំឡើង

២) កម្មវិធីកម្ចាត់មេរោគត្រូវបានបិទ (Disable) ឯកឯង

៣) ម៉ាស៊ីនកុំព្យូទ័រដំណើរការយឺតទាំងពេល Boot និងបើកកម្មវិធីផ្សេងៗ

៤) មិត្តរបស់អ្នកទទួលបានសារផ្សេងៗ ពីគណនីអ៊ីម៉ែល ឬគណនីបណ្តាញសង្គមរបស់អ្នក

៥) អ៊ីនធើណេតរបស់អ្នកដំណើរការយឺតខុសធម្មតា

៦) កង្ហាល់ម៉ាស៊ីកុំព្យូទ័ររបស់អ្នកដើរខុសធម្មតា (ឡើងកំដៅ និងលាន់លឺសម្លេងខ្លាំង)

៧) កម្មវិធី Browser តែងតែបើកគេហទំព័រផ្សេងៗ (Redirect)

៨) កម្មវិធី Browser តែងតែបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ (Pop-ups)

៩) ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកឧស្សាហ៍គាំង ឬ Error (ឧទាហរណ៍ Blue screen)

១០) ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកលេចឡើងនូវផ្ទាំងកម្មវិធីកម្ចាត់មេរោគ ដែលអ្នកពុំធ្លាប់បានដំឡើង (Rogue Antivirus)

LEAVE A REPLY

Please enter your comment!
Please enter your name here