ចាប់ពេលនេះតទៅ YouTube កាន់តែរឹតបន្តឹងខ្លាំងបន្ថែមទៀត ទៅលើអ្នកបង្ហោះវីដេអូបែបមើលងាយ បៀតបៀន និងរើសអើង

0

បណ្តាញសង្គម YouTube ដែលជាវែបសាយទស្សនា និងចែកចាយវីដេអូដ៏ធំបំផុតនៅលើពិភពលោក នាថ្ងៃពុធសប្តាហ៍នេះបានពង្រីកវិសាលភាព នៃគោលការណ៍ប្រឆាំងការរុកគួន បៀតបៀន និងរើសអើងរបស់ខ្លួន ដោយរួមបញ្ចូលទាំងបម្រាម ទៅលើការគំរាមកំហែងបែបបញ្ឆិតបញ្ឆៀង រួមជាមួយការប្រមាថមើលងាយដែលផ្តោតទៅលើ ពូជសាសន៍ អត្តសញ្ញាណ យេនឌ័រ ឬក៏និន្នាការផ្លូវភេទជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

លោក ម៉ាត ហាល់ព្រីន (Matt Halprin) នាយកទទួលបន្ទុកផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ YouTube បានលើកឡើងដូច្នេះថា «យើងនឹងលែងឲ្យមាន ការបង្ហោះវីដេអូ ដែលផ្ទុកខ្លឹមសារគំរាមកំហែង ឬប្រមាថមើលងាយចំពោះនរណាម្នាក់ ដោយផ្អែកលើពូជសាសន៍ អត្តសញ្ញាណយេនឌ័រ ឬក៏និន្នាការផ្លូវភេទទៀតហើយ»។ លោក Halprin បានបន្តថា YouTube បានហាមឃាត់ការគំរាមកំហែង ជាលក្ខណៈបើកចំហចំៗរួចហើយ ខណៈការគំរាមកំហែងបែបបញ្ឆិតបញ្ឆៀង ឬដោយប្រយោលក៏នឹងត្រូវហាមប្រាមផងដែរ ចាប់ពីពេលនេះតទៅ។

គួរជម្រាបថា យោងតាមការបញ្ជាក់របស់លោក Halprin គោលការណ៍នេះ នឹងត្រូវអនុវត្តន៍ទៅលើគ្រប់គ្នា គឺតាំងពីបុគ្គលឯកជនរហូតដល់អ្នកបង្កើតវីដេអូលើ YouTube ព្រមទាំងមន្រ្តីរដ្ឋាភិបាល។ ការប្រឹងប្រែងរឹតបន្តឹងគោលការណ៍បែបនេះរបស់ YouTube គឺត្រូវបានធ្វើឡើងក្រោមការប្តេជ្ញារបស់ខ្លួនក្នុងឆ្នាំនេះ ដែលថានឹងបង្រ្កាបវីដេអូដែលមានខ្លឹមសារ គំរាមកំហែង ប្រមាថមើលងាយ និងរើសអើស៕

LEAVE A REPLY

Please enter your comment!
Please enter your name here