ទឹកគឺជាវត្ថុធាតុដ៏សំខាន់មួយ នៅពេលមនុស្សលោកធ្វើការរុករកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ បើតាមការចុះផ្សាយរបស់ Engadget កាលពីថ្មីៗនេះអ្នកស្រាវជ្រាវនៅអង្គការ NASA និយាយថាពួកគេបានរកឃើញទឹក ក្នុងទម្រង់កក ដែលស្ថិតនៅក្រោមស្រទាប់ភពអង្គារ។វាត្រូវបានគេចាត់ទុកថាជាកំណប់ ដែលជួយឲ្យមនុស្សរកឈប់សម្រាកលើភពអង្គារបាននាពេលខាងមុខ។ នៅទីតាំងមួយចំនួន ទឹកកកនេះគឺស្ថិតនៅក្រោមស្រទាប់ក្រៅភពអង្គារត្រឹម ២,៥ ស.ម ប៉ុណ្ណោះ។
អ្នកស្រាវជ្រាវនៅ NASA ឈ្មោះ Sylvain Piqueux និយាយថា ៖ “អ្នកមិនចាំបាច់មានម៉ាស៊ីនកាយ ដើម្បីចូលទៅផ្ទាំងទឹកកកនោះទេ។ អ្នកគ្រាន់តែត្រូវការចបជីកមួយប៉ុណ្ណោះ។ យើងកំពុងបន្តប្រមូលយកទិន្នន័យពីផ្ទាំងទឹកកកលើភពអង្គារ ដើម្បីអាចស្វែងរកទីតាំងល្អឲ្យអវកាសយានិកចុះចត។”
ការរកឃើញទឹកកកនេះដែរ កាន់តែអាចជួយឲ្យមនុស្សលោកបានជាន់ជើងលើភពអង្គារឆាប់ៗនេះ៕