កម្មវិធីផ្ញើសារ ToTok ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់ប្រទេសអារ៉ាប់រួម ត្រូវបាន Apple និង Google ចាត់វិធានការលុបចេញពី App Store និង Play Store របស់ខ្លួនភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ព្រួយបារម្ភថាវាអាចជាដើមធ្វើឲ្យផ្ទុះនូវអំពើចារកម្មឌីជីថល។ToTok បានប្រកាសឲ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៩ ហើយទទួលបានការ Download ខ្ទង់លានដងនៅប្រទេសអារ៉ាប់រួម ដែលនៅប្រទេសនោះហាមមិនឲ្យដំណើរការកម្មវិធី WhatsApp និង Skype។ អត្ថប្រយោជន៍របស់វាគឺអនុញ្ញាតឲ្យអ្នកប្រើអាចធ្វើការផ្ញើសារនិងហៅចេញ មានភាពរហ័ស ឥតគិតថ្លៃ និងសុវត្ថិភាព។
របាយការណ៍ពី The New York Times បានទម្លាយថា ToTok គឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់ភ្នាក់ងារមន្រ្តីស៊ើបការណ៍សម្ងាត់របស់ប្រទេសអារ៉ាប់រួមធ្វើការតាមដានសកម្មភាពនិងការសន្ទនារបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញកម្មវិធីនេះក៏ស្រាប់តែផ្ទុះមានការ Download យ៉ាងច្រើនគំហុកនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនផងដែរ រហូតដល់លេចលឺព័ត៌មានពីភាពអវិជ្ជមាន ទើបក្រុមហ៊ុន Apple និងGoogle ក៏ប្រញាប់ទប់ស្កាត់ភ្លាមៗ។
អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធសុវត្ថិភាពលោកPatrick Wardle បាននិយាយប្រាប់ Times ថា៖ “អ្នកមិនចាំបាច់ព្យាយាម Hack នរណាម្នាក់នោះទេ ពោលគឺត្រឹមតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍មក Download កម្មវិធីនេះទៅកាន់ទូរសព្ទពួកគេ ហើយអាចទទួលបានទាំងការបញ្ជូននូវទិន្នន័យបញ្ជីឈ្មោះលេខទូរសព្ទ ទីតាំង ការហៅវីដេអូឆែត ជារួមគឺវាពិតជាឆ្លាតវៃខ្លាំងបំផុត”។
រំឭកថា ToTok ជាកម្មវិធីដែលអភិវឌ្ឍឡើងដោយ Breej Holding ដែលទំនងជាមានក្រុមហ៊ុនសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត DarkMatter ដែលមានមូលដ្ឋានក្នុងទីក្រុង Abu Dhabi ជាអ្នកនៅពីក្រោយនេះ ហើយក៏មានទំនាក់ទំនងជាមួយ Pax AI ដែលជាប់ពាក់ព័ន្ធនឹងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អារ៉ាប់រួមផងដែរ៕