រដ្ឋាភិបាលប្រទេសរុស្ស៊ីបានប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តសាកល្បងផ្តាច់ចោលប្រព័ន្ធអ៊ីនធឺណិតរវាងប្រទេសរបស់ខ្លួនចេញពីសកលលោក។យោងតាមរបាយការណ៍ពី ZDNet បានឲ្យដឹងថាការធ្វើតេស្តសាកល្បងនេះ មានការចូលរួមយ៉ាងសកម្មពីភ្នាក់ងាររដ្ឋាភិបាល អ្នកផ្តល់សេវាកម្ម និងក្រុមហ៊ុនអ៊ីនធឺណិតប្រចាំតំបន់។ គោលដៅនៃការធ្វើតេស្តគឺដើម្បីធានាឲ្យបានថារុស្ស៊ីអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត RuNet ក្នុងស្រុក និងមិនចាំបាច់ពឹងផ្អែកលើការតភ្ជាប់ទៅកាន់ប្រព័ន្ធ DNS នៅខាងក្រៅ។
ពុំមានការលម្អិតក្បោះក្បាយជុំវិញបច្ចេកទេសក្នុងការសាកល្បងនោះឡើយ ដោយគ្រាន់ថារដ្ឋាភិបាលត្រឹមផ្តោតសំខាន់លើលទ្ធភាពមួយចំនួនពាក់ព័ន្ធនឹងករណីបន្ទាន់នៃការវាយប្រហារ Cyber Attack ពីសំណាក់បរទេស។ ចំណែកឯលទ្ធផលសម្រេចនឹងប្រកាសចេញដោយផ្ទាល់ពីប្រធានាធិបតីលោក Putin នាឆ្នាំ ២០២០។
នាយករងនៃក្រសួងទូរគមនាគមន៍និងអភិវឌ្ឍឌីជីថលលោក Alexei Sokolov បានមានប្រសាសន៍ថា៖ “ជាទូទៅទាំងរដ្ឋាភិបាលនិងប្រតិបត្តិករទូរគមនាគមន៍រមែងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយនូវហានិភ័យនិងការគំរាមកំហែងដោយប្រការណាមួយ ដើម្បីធានាឲ្យបានថាប្រព័ន្ធអ៊ីនធឺណិតអាចមានស្ថិរភាពល្អក្នុងប្រទេសរុស្ស៊ី”៕