គម្រោងយន្តហោះ Rolls-Royce ACCEL នឹងបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ ដែលត្រៀមក្លាយជាយន្តហោះអគ្គិសនីដែលមានល្បឿនលឿនបំផុតក្នុងលោក។គោលដៅនៃការផលិតយន្តហោះនេះ គឺដើម្បីផ្សព្វផ្សាយការលើកកម្ពស់ដោយចិរភាពក្នុងវិស័យអាកាសចរណ៍ឆ្ពោះទៅឧស្សាហកម្មបៃតង។ គម្រោងនេះក៏ទទួលបានការឧបត្ថម្ភពាក់កណ្តាលដោយវិទ្យាស្ថាន Aerospace Technology Insituture និងរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស។
ប្រសិនគ្រប់យ៉ាងអាចសម្រេចទៅតាមផែនការណ៍នោះ Rolls-Royce ACCEL នឹងអាចហោះបានក្នុងល្បឿន ៤៨០ គ.ម/ម៉ ជាមួយការធ្វើដំណើរចម្ងាយ ៣៦០ គ.ម រៀងរាល់ការសាកម្តង ដែលចម្ងាយនេះសមល្មមការហោះចេញពីទីក្រុងឡុងដុងមកប៉ារីស ប្រទេសបារាំង។គោលដៅរបស់ Rolls-Royce គ្រោងនឹងដាក់ដំណើរការគម្រោងនេះនៅបញ្ចប់ឆ្នាំ ២០២០ ហើយទៅថ្ងៃមុខវាក៏អាចដើរតួជំនួសយន្តហោះប្រើប្រាស់សាំង និងម្យ៉ាងទៀតអាចចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស៕









