ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2020 បានឈានមកដល់ថ្ងៃបញ្ចប់ហើយ ប៉ុន្ដែយើងនៅទទួលបានដំណឹងពី ឧបករណ៍ឆ្លាតវៃទំនើបមួយចំនួនទៀត ដែលទើបតែបង្ហាញខ្លួនចុងក្រោយគេ។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍បំផុតនោះ ប្រាកដជាបានទៅលើឧបករណ៍ Drone ស៊េរីថ្មីៗចំនួន 3 ម៉ូឌែលដូចជា EVO II, EVO II Pro និង EVO II Dual របស់ក្រុមហ៊ុន Autel Robotics នេះហើយ ដោយពួកវាមានលក្ខណៈសម្បត្តិខ្ពស់ ស្ទើរតែមិនគួរឲ្យជឿនោះឡើយ។
ចំពោះរូបរាងរបស់ Drone ទាំង 3 ម៉ូឌែលថ្មីៗនេះ គឺមានការឌីហ្សាញស្រដៀងៗគ្នាទាំងអស់ លើកលែងតែទំហំរបស់កាមេរ៉ាប៉ុណ្ណោះ ដោយសម្រាប់ម៉ូឌែល EVO II មានបំពាក់សេនស័រកាមេរ៉ាទំហំ 48MP ទាំងលើការថតរូបសន្លឹក និងអះអាងថាអាចថតវីដេអូ បានដល់ទៅកម្រិត 8K ឯណោះ ព្រមទាំងក្លាយទៅជា Drone ដំបូងគេបង្អស់ ដែលមានសមត្ថភាពថតលើកម្រិតខ្ពស់នេះបាន។ ក្រុមហ៊ុន Autel Robotics បាននិយាយប្រាប់ថា វាជាសេនស័រប្រភេទ IMX586 របស់ Sony ដូចមាននៅលើទូរសព្ទឆ្លាត ហើយអាចថតវីដេអូកម្រិត 8K នៅ 24 ឬ 25fps ជានិច្ចតែម្ដង។ វាក៏មានសមាមាត្យ Aperture ត្រឹមចំនួន f/1.8 ដែលអាចជំនួយដល់ការថតពេលយប់ ឬកន្លែងងងឹតជាដើម។ លើសពីនេះទៅទៀត EVO II ក៏មានបំពាក់ឧបករណ៍ចាប់សញ្ញាឧបសគ្គ ជុំវិញតួខ្លួនដល់ទៅចំនួន 12 សេនស័រឯណោះ ដូច្នេះវានឹងអាចជៀសវាងការហោះបុកអ្វីផ្សេងៗបានយ៉ាងល្អ។ ម៉ាស៊ីនទាំងមូលរបស់វា នឹងត្រូវទ្រទ្រង់ដោយថាមពលថ្មទំហំ 7,100mAh ដែលសន្យាថាអាចហោះហើរបានរយៈពេល 40 នាទី ទើបត្រូវការបញ្ចូលថ្មម្ដងទៀត។
ចំណែកឯម៉ូឌែល EVO II Pro វិញ វាអាចថតវីដេអូបានត្រឹមកម្រិត 6K ជាមួយនឹងសេនស័រ IMX383 ទំហំពេញ 1 អ៊ីញរបស់ Sony ដែលទទួលបានមុខងារផ្លាស់ប្ដូរសមាមាត្យ Aperture ពី f/2.8 ឡើងទៅដល់ f/11 ដូចមាននៅលើ DJI Phantom 4 Pro និង Mavic 2 Pro អញ្ចឹងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ម៉ូឌែលមួយនេះ មិនមានសេនស័រកាមេរ៉ាទំហំ 48MP នោះទេ ដោយឡែកវាប្រើប្រាស់សេនស័រទំហំ 20MP ជំនួសវិញ ប៉ុន្ដែវាក៏នៅអាចថតបានច្បាស់ មិនជាអន់នោះទេ។ ចុងក្រោយគេបង្អស់ជាម៉ូឌែលកំពូល EVO II Dual ដោយវាអាចថតវីដេអូកម្រិត 8K បានហើយ ព្រមទាំងបន្ថែមនូវកាមេរ៉ាប្រភេទ FLIR Boson Thermal ឲ្យមកទៀត ដើម្បីអាចឲ្យយើងថតឃើញកំដៅ ក្នុងស្ថានភាពចាំបាច់ណាមួយបាន។ ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោមនេះបាន ដែលដាក់បង្ហាញពីសមត្ថភាពកំពូលៗរបស់ Drone ស៊េរីថ្មីៗទាំង 3 ម៉ូឌែលរបស់ Autel Robotics ផងដែរ។
សម្រាប់រយៈចម្ងាយរបស់ Drone ទាំង 3 ម៉ូឌែលនេះ គឺអាចហោះហើរបានដល់ទៅ 8.85 គីឡូម៉ែត្រឯណោះ ហើយអាចបត់បាន ជាមួយអង្គផ្ទុកទិន្នន័យទំហំ 8GB ក្នុងម៉ាស៊ីន និងដៃបញ្ជាមានអេក្រង់មកស្រាប់ ថែមទៀតផង។ ក្រុមហ៊ុនផលិតឧបករណ៍ Drone ទាំងអស់នេះ មិនទាន់បញ្ជាក់ពីតម្លៃដាក់លក់ពិត និងចេញជាផ្លូវការពេលណានៅឡើយទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា EVO II អាចនឹងស្ថិតនៅខ្ទង់ ៥,៩៨០,០០០ រៀល (~1,495 ដុល្លារ) ហើយសម្រាប់ម៉ូឌែល EVO II Pro មានតម្លៃប្រហាក់ប្រហែល ៧,៥៨០,០០០ រៀល (~1,895 ដុល្លារ) ប៉ុន្ដែតម្លៃរបស់ EVO II Dual ត្រូវរង់ចាំនៅពេលចេញលក់ជាផ្លូវការ។








