នាពេលបច្ចុប្បន្ននេះ ទូរសព្ទឆ្លាតភាគច្រើនមានប៊ូតុងចុច យ៉ាងហោចណាស់ចំនួន 3 ទៅ 4 ប៊ូតុងជាក់ជាមិនខានឡើយ ដែលមានប៊ូតុងសម្រាប់កំណត់សម្លេង, ប៊ូតុងចាក់សោ និងប៊ូតុងហៅជំនួយការឌីជីថល ជាដើម។ ទោះបីជាយ៉ាងណាក្ដី ដោយសារតែការឌីហ្សាញរបស់ទូរសព្ទឆ្លាត កាន់តែមានការរីកចម្រើនទៅមុខបន្ដិចម្ដងៗ ដូច្នេះការបោះបង់ចោលប៊ូតុង គឺជាជំហានបន្ទាប់ ដើម្បីធ្វើឲ្យវាមើលទៅឃើញថា មានរូបរាងបែបទំនើបថែមទៀត។
រហូតមកដល់ពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយថា ក្រុមហ៊ុន UltraSense Systems កំពុងតែអភិវឌ្ឍន៍លើសេនស័រ Ultrasound ដែលគ្រោងនឹងជួយដល់ការឌីហ្សាញរបស់ទូរសព្ទឆ្លាត តាមរយៈការជំនួសឲ្យប៊ូតុងនានា នៅពេលអនាគតខាងមុខនេះ។ ចំពោះបច្ចេកវិទ្យាថ្មីមួយនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុននានា ធ្វើការបង្កប់សេនស័រ Ultrasound នៅខាងក្រោមសធាតុលោហៈ, កញ្ចក់, ស្បែក និងផ្សេងៗជាច្រើន ហើយដើរតួស្រដៀងគ្នានឹងប៊ូតុងពិតៗអញ្ចឹង គ្រាន់តែយើងមើលមិនឃើញពីក្រៅប៉ុណ្ណោះ។
បញ្ហាចម្បងនៅពេលមានប៊ូតុង គឺវាធ្វើឲ្យទូរសព្ទឆ្លាតនៅសល់ចន្លោះរន្ធតូចៗ ដោយមិនអាចទទួលបាន អាវក្រោះការពារទឹក និងធូលីពេញលេញនោះទេ ព្រមទាំងផ្ដល់ផលលំបាក ក្នុងការផលិតទូរសព្ទឆ្លាតមានអេក្រង់កោងជាដើម ប៉ុន្ដែឥឡូវនេះមានគេរំពឹងទុកថា សេនស័រ Ultrasound នឹងមកដោះស្រាយបញ្ហាទាំងនេះហើយ។ ចំណែកឯទំហំរបស់សេនស័រថ្មីមួយនេះ គឺពិតជាតូចមែនទែន ត្រឹមតែ 1.4mm x 2.4mm ប៉ុណ្ណោះ ដូចប្រិយមិត្តបានឃើញក្នុងរូបភាពអញ្ចឹង ដែលវាថែមទៀតមិនចំណាយទីកន្លែងច្រើន ក្នុងតួខ្លួនរបស់ទូរសព្ទឆ្លាតនោះទេ។
ខណៈពេលដែល ក្រុមហ៊ុន UltraSense Systems មិនទាន់បានប្រកាសប្រាប់ពី លក្ខណៈសម្បត្តិលម្អិតរបស់សេនស័រ Ultrasound ថ្មីនេះនៅឡើយទេ ប៉ុន្ដែពួកគេបានបង្ហើបប្រាប់ឲ្យដឹងថា បច្ចេកវិទ្យាថ្មីមួយនេះ យ៉ាងឆាប់បំផុត នឹងអាចឃើញមាននៅលើទូរសព្ទឆ្លាត ចាប់ផ្ដើមពីឆ្នាំនេះទៅហើយ។ ចុះប្រិយមិត្តអ្នកអានវិញនោះ តើយល់ឃើញយ៉ាងណាដែរ ចំពោះការបំពាក់សេនស័រ Ultrasound ដើម្បីជំនួសឲ្យប៊ូតុងលើទូរសព្ទឆ្លាតនេះ?








