ចូលមកដល់ឆ្នាំ 2020 នេះ យើងឃើញថា បច្ចេកវិទ្យា 5G កាន់តែរីកចម្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមាន ក្រុមហ៊ុនជាច្រើន កំពុងតែត្រៀមខ្លួន ក្នុងការនាំយកសេវាអ៊ីនធើណេតនេះ មកប្រើប្រាស់លើផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសគឺស្មាតហ្វូនតែម្ដង ខណៈពេល ចាប់ពីពាក់កណ្ដាលឆ្នាំ 2019 មក វាមានបង្ហាញខ្លួនលើស្មាតហ្វូន ក៏ដូចជាថេប្លេតជាច្រើនម៉ូឌែលរួចមកហើយ។ ដោយឡែក នៅក្នុងពេលនេះវិញ Samsung និង BMW មានគម្រោងសហការគ្នា ដើម្បីយកបច្ចេកវិទ្យាខាងលើ ទៅបំពាក់ជាមួយរថយន្ត SUV នាឆ្នាំក្រោយនេះ។
ប្រាកដណាស់ បើតាមការបង្ហាញរបស់ BMW នៅក្នុងព្រឹត្តិការណ៍ CES 2020 បានបញ្ជាក់ថា ខ្លួនបានសហការជាមួយ Samsung ដើម្បីនាំយកបច្ចេកវិទ្យា 5G មកបំពាក់នៅលើរថយន្តអគ្គិសនីប្រភេទ SUV របស់ខ្លួន ដែលនឹងចេញនៅក្នុងឆ្នាំក្រោយ។ មិនខុសទេ រថយន្តប្រភេទអគ្គិសនី SUV របស់ BMW នេះ ត្រូវបានគេរំពឹងថា នឹងត្រៀមក្នុងការផលិតទ្រង់ទ្រាយធំ សម្រាប់ឆ្នាំក្រោយ ហើយក៏អាចនឹងក្លាយជា រថយន្តដំបូងរបស់ BMW ដែលមានប្រើប្រាស់បច្ចេកវិទ្យា 5G ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការប្រកាសផ្លូវការ បានបន្ថែមទៀតថា Samsung និង BMW នឹងអភិវឌ្ឍន៍ 5G នេះ ឲ្យត្រូវទិសដៅសម្រាប់តែរថយន្ត ដែលក្នុងនោះវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអគ្គិសនី របស់រថយន្តផ្ទាល់តែម្ដង ហើយសូមបញ្ជាក់ដែរថា បច្ចេកវិទ្យា 5G លើរថយន្តនេះ នឹងត្រូវដំណើរការ តាមរយៈការភ្ជាប់មកជាមួយ ស៊ីមកាតផងដែរ។
អញ្ចឹងហើយ យើងឃើញថា បច្ចេកវិទ្យា 5G កាន់តែទទួលបានការគាំទ្រច្រើនឡើងៗហើយ ដោយសារសូម្បីតែ BMW ក៏មានគម្រោងក្នុងការនាំយកវា មកប្រើប្រាស់លើរថយន្តអគ្គិសនីប្រភេទ SUV របស់ខ្លួននៅក្នុងឆ្នាំក្រោយនេះដែរ ជាពិសេសនោះ គឺបានកើតឡើង ដោយមានការសហការគ្នា ជាមួយក្រុមហ៊ុនយក្ស Samsung ថែមទៀតផង។ ដូច្នេះយើង យើងឃើញថា បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើឲ្យក្រុមហ៊ុនផលិតនានា ព្យាយាមស្វែងរករបកគំហើញថ្មីៗ ដើម្បីកែប្រែអ្វីមួយឲ្យមាននាទី កាន់តែច្រើន ជាក់ស្ដែងដូចជារថយន្តអញ្ចឹង នៅថ្ងៃខាងមុខគេរំពឹងថា អាចនឹងមានសេវាកម្ម Streaming, Gaming និងបទពិសោធន៍អស្ចារ្យ មួយចំនួនទៀត នៅក្នុងរថយន្តនោះផងដែរ។








