នៅភាគកណ្តាលប្រទេសចិន កាលពីពេលថ្មីៗនេះ មានមេរោគថ្មីមួយ ដែលបានឆ្លងទៅកាន់មនុស្សចំនួន៥៩នាក់ បង្កឲ្យមានជំងឺផ្លូវដង្ហើម។ យោងតាមអាជ្ញាធរសុខាភិបាលចិន មេរោគថ្មីនេះ ជាប្រភេទស្ថិតក្នុងអំបូរមេរោគ កូរ៉ូណាវីរុស ដូចមេរោគSRAS។ ដំណឹងនេះ បានធ្វើឲ្យមានការព្រួយបារម្ភ ដោយគេនឹកទៅដល់ ករណីមេរោគ SRAS ដែលបានឆ្លងរាលដាល និងបានសម្លាប់មនុស្ស អស់ប្រមាណ៦០០នាក់ នៅចិន កាលពីឆ្នាំ២០០២ ២០០៣។
លោក Xu Jianguo អ្នកស្រាវជ្រាវនៅ បណ្ឌិតសភាវិស្វកម្ម និងវិទ្យាសាស្ត្រចិន បានលើកឡើង នៅក្នុងកាសែតចិនថ្មីថា ក្រុមការងារជំនាញ ទើបតែបានធ្វើការសន្និដ្ឋានជំហានដំបូងថា អ្នកជំងឺទាំងនោះ អាចបានឆ្លងមេរោគថ្មីមួយ ដែលស្ថិតនៅក្នុងអំបូរមេរោគ Coronavirus។ មានករណីផ្ទុកមេរោគនេះ ចំនួន១៥ករណី ដែលត្រូវបានគេរកឃើញហើយ ក្នុងចំណោមអ្នកជំងឺទាំង៥៩នាក់។
អ្នកជំនាញដដែលអះអាងថា មេរោគអំបូរ Coronavirus គឺជាប្រភេទមេរោគ ដែលធ្វើឲ្យអ្នកជំងឺមានអការៈ ក្តៅខ្លួន ផ្តាសាយ ឈឺក្បាលជាដើម។ អាការៈជំងឺយ៉ាងសាមញ្ញបែបនេះ គឺជាគ្រោះថ្នាក់ ព្រោះថាអ្នកជំងឺមិនបានចាប់ភ្លឹកដល់ការឆ្លងមេរោគ ខណៈដែលពួកគេអាចប្រឈមនឹងការស្លាប់ នៅពេលមេរោគនេះ បំផ្លាញប្រព័ន្ធផ្លូវដង្ហើម។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំក្រុងប៉េកាំង ក៏បានបញ្ជាក់ផងដែរ ថាខ្លួន ទើបតែបានទទួលលទ្ធផលសន្និដ្ឋាន របស់ក្រុមអ្នកជំនាញចិន។ សម្រាប់ពេលនេះ អ្នកជំនាញ នៃអង្គការសុខភាពពិភពលោក កំពុងតែស្រាវជ្រាវបន្ត ដើម្បីស្វែងយល់ពីប្រភព មធ្យោបាយចម្លង និងទំហំគ្រោះថ្នាក់ នៃមេរោគថ្មីនេះ។









