FBI កំពុងដាក់សម្ពាធ Apple ឲ្យជួយបំបែកកូដលើ iPhone របស់ឧក្រិដ្ឋជននៃហេតុការណ៍បាញ់បោះម្នាក់ ប៉ុន្តែរដ្ឋាភិបាលអាច Hack ចូល iPhone បានដោយមិនចាំបាច់ឲ្យក្រុមហ៊ុន Apple ជួយ។ នេះបើតាមអ្នកជំនាញក្នុងផ្នែកសុវត្ថិភាពអ៊ីនធឺណិត។
ភ្នាក់ងារស៊ើបអង្កេតអាចវាយទម្លុះជញ្ជាំងសុវត្ថិភាព iPhone បាន ដោយប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនដូចជា Cellebrite និង Grayshift។ គួរដឹងថា iPhone របស់ឧក្រិដ្ឋជនឈ្មោះ Mohammed Saeed Alshamrani គឺមាន iPhone 5 និង iPhone 7 ដែលចេញឆ្នាំ ២០១២ និង ២០១៦។ Alshamrani បានស្លាប់ ហើយទូរសព្ទនៅជាប់កូដ ទើបបានជា FBI រិះរកវិធីចូលក្នុងទូរសព្ទទាំងពីរដើម្បីស៊ើបអង្កេតឲ្យស៊ីជម្រៅ។
លោក Will Strafach ជាអ្នក Hack iPhone ជើងចាស់មួយរូប ហើយបច្ចុប្បន្នគ្រប់គ្រងក្រុមហ៊ុនសុវត្ថិភាព Guardian Firewall នោះ បានលើកឡើងដូចនេះថា ៖ “iPhone 5 និង iPhone 7? អ្នកពិតជាអាចចូលក្នុងវាបាន។ ខ្ញុំមិនថាវាស្រួលដូចបកចេកនោះទេ ប៉ុន្តែវាមិនពិបាកខ្លាំងនោះទេ។”
ដោយឡែកលោក Niel Broom ដែលធ្វើការជាមួយភ្នាក់ងារអនុវត្តន៍ច្បាប់ដើម្បីដោះកូដឧបករណ៍នោះ បានលើកឡើងដែរថា ប្រព័ន្ធប្រតិបត្តិការដែលដំណើរការលើ iPhone 5 និង iPhone 7 អាចធ្វើឲ្យវាកាន់តែពិបាកវាយលុកចូល ប៉ុន្តែវានៅតែអាចធ្វើទៅបាន។
លោកបាននិយាយថា FBI ទំនងជាត្រូវការឧបករណ៍មួយចំនួនសម្រាប់ដោះកូដ iPhone ក្នុងនោះមាន UFED Physical Analyser, Tablet ឈ្មោះ Touch2 និងកម្មវិធីកុំព្យូទ័រ 4PC របស់ក្រុមហ៊ុនអ៊ីស្រាអែល Cellebrite ដែលមានតម្លៃសរុប ១៥ ០០០ ដុល្លារ។ ឧបករណ៍ ២ ទៀតគឺ GrayKey របស់ Grayshift ឬឧបករណ៍ Cellebrite Premium ដែលវាមានតម្លៃចន្លោះពី ១០ ម៉ឺនដុល្លារ ទៅ ១៥ ម៉ឺនដុល្លារ៕








