ក្រុមហ៊ុន Facebook Inc បានចេញមុខសុំទោសជាសាធារណៈជុំវិញកំហុសបច្ចេកទេស ដែលបានកើតឡើងទៅលើការបកប្រែឈ្មោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅជា “Mr Shithole” ក្នុងការបង្ហោះមួយដែលបកប្រែស្វ័យប្រវត្តិពីភាសាភូមា មកភាសាអង់គ្លេស។ ក្នុងភាសាអង់គ្លេស Shithole សំដៅដល់ភាពដ៏គួរឲ្យខ្ពើមរអើម និងគគ្រិចខ្លាំងបំផុត។
កំហុសបច្ចេកទេសនេះបានកើតឡើងនៅរូបភាពបង្ហោះដោយទំព័រហ្វេសប៊ុកនៃការិយាល័យទីប្រឹក្សាប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃទី ២ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធីបតីចិនមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលោក ស៊ី ជីនពីង និងទីប្រឹក្សារបស់លោកស្រី អ៊ុង សានស៊ូជី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។









