ផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian នាថ្ងៃនេះ បានឲ្យដឹងថាលោក Jeff Bezos គឺជាជនរងគ្រោះនៃប្រតិបត្តិការ Hack ដែលធ្វើតាមកម្មវិធី WhatsApp ហើយមានជាប់ពាក់ព័ន្ធនឹងរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman។
ប្រតិបត្តិការ Hack បានធ្វើឡើងនៅដើមខែឧសភា ឆ្នាំ ២០១៨ នៅពេលលោក Jeff Bezos ទទួលបានសារមួយពីរាជទាយាទ ឬ អ្នកដែលកាន់កាប់គណនី WhatsApp របស់ទ្រង់។ សារនោះអាចមានផ្ទុកនូវវីដេអូដែលអ្នកវិភាគរកឃើញថាមានផ្ទុកនូវមេរោគដែលអាចឲ្យគេយកទិន្នន័យពីទូរសព្ទរបស់ស្ថាបនិក Amazon បាន។
ត្បិតថារបាយការណ៍បានសន្និដ្ឋានថាទិន្នន័យផ្ទាល់ខ្លួនជាច្រើនរបស់លោក Jeff ត្រូវគេយកបាន ក្រោមប្រតិបត្តិការ Hack នេះ គេមិនដឹងច្បាស់នោះទេថាក្នុងនោះមានព័ត៌មានប្រភេទណាខ្លះ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ ២០១៩ លោក Jeff បានចោទប្រកាន់សារព័ត៌មាន National Enquirer ដែលបានព្យាយាមគម្រាមលោកជាមួយសារ និងរូបភាពអាក្រាត ដែលអាចឲ្យគេដឹងច្បាស់អំពីរឿងស្នេហាលួចលាក់របស់លោក។
របាយការណ៍នៃរឿងស្នេហាលូចលាក់ដែលចេញផ្សាយមុនមួយខែ បង្ហាញថាហេតុអ្វីបានជាលោក Jeff និងភរិយាយូរឆ្នាំរបស់លោក សម្រេចចិត្តលែងលះ ដែលនាំឲ្យលោក Jeff បង្កើតក្រុមស៊ើបអង្កេតរកមូលហេតុដែលនាំឲ្យរឿងសម្ងាត់របស់ខ្លួនបែកធ្លាយ។
ក្រោយមក Gavin de Becker ប្រធានផ្នែកសុវត្ថិភាពរបស់លោក Jeff បានសន្និដ្ឋានថាប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានជាប់ពាក់ព័ន្ធនឹងការប្រមូលយកព័ត៌មានសម្ងាត់នេះ ហើយ de Becker ក៏បានបង្ហាញការយល់ឃើញថាប្រទេសអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រភពព័ត៌មានសម្រាប់របាយការណ៍របស់ National Enquirer ផ្ទាល់តែម្ដង៕









