ក្រៅពីការដាក់នៅកូដសម្ងាត់ ប្រព័ន្ធសុវត្ថិភាពលើទូរសព្ទ iPhone មានតែមួយគត់គឺប្រើប្រាស់មុខងារស្កេនផ្ទៃមុខដើម្បីដោះសោ ខុសពីស្មាតហ្វូនកំពូលដទៃខ្លះមានប្រព័ន្ធស្កេនខ្ចៅដៃលើអេក្រង់មួយថែមទៀត។
ផ្សារភ្ជាប់នឹងការកើតមានវីរុសកូរ៉ូណាបានកំពុងធ្វើឲ្យអតិថិជននៅប្រទេសចិនមានការត្អូញត្អែរដល់ផលិតផលរបស់ Apple ជាខ្លាំង ព្រោះពេលនេះមនុស្សទាំងអស់ចាំបាច់ត្រូវពាក់ម៉ាសគ្រប់ពេលនៅខាងក្រៅទាំងអស់ ហើយពេលចង់ដោះសោឬទូទាត់ទំនិញដោយប្រើមុខងារស្កេនផ្ទៃមុខ គឺមិនដំណើរការទៅបានឡើយ ពេលផ្ទៃមុខបិទបាំងដោយម៉ាសបែបនេះ។
អ្នកប្រើប្រាស់មួយរូបបានបញ្ចេញមតិលើ Weibo ថា៖ “មួយរយៈនេះខ្ញុំរមែងពាក់ម៉ាស អ៊ីចឹងហើយវាមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការស្កេនផ្ទៃមុខដើម្បីដោះសោលើទូរសព្ទ”។
មតិមួយផ្សេងទៀត៖ “ខ្ញុំបែរមុខទៅកាមេរ៉ាផ្នែកខាងមុខ តែប្រព័ន្ធស្កេនវាមិនចាប់បានទាល់តែសោះ លុះប៉ុន្មាននាទីក្រោយមកទើបខ្ញុំចាប់អារម្មណ៍ថាខ្លួនឯងពាក់ម៉ាសបិទបាំងទៅហើយ”។
ខណៈមតិចុងក្រោយ៖ “ខ្ញុំប្រើប្រាស់មុខដើម្បីស្កេនទូទាត់តាម WeChat Pay ហើយដល់ពេលខ្ញុំត្រូវពាក់ម៉ាសអ៊ីចឹងទៅ ឥឡូវប្តូរមកវ៉ៃលេខកូដវិញគឺពិតជាស្មុគស្មាញខ្លាំងណាស់”៕








