Facebook និយាយថាយល់ព្រមបង់លុយ ៥៥០ លានដុល្លារ ដើម្បីបញ្ចប់រឿង ទាក់ទងនឹងពាក្យបណ្ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាចំណាំផ្ទៃមុខសម្រាប់មុខងារ Tag Suggestion។
ពាក្យបណ្ដឹងប្រឆាំងនឹង Facebook ទាក់ទងនឹងរឿងនេះ បានកើតឡើងចាប់តាំងពីឆ្នាំ ២០១៥។ ជាធម្មតានៅពេលដែលធ្វើការបង្ហោះរូប ជាមួយមិត្តភ័ក្ដិឬសាច់ញាតិដែលមានគណនី Facebook ដូចគ្នា ភ្លាមនោះវានឹងសម្គាល់ដោយស្វ័យប្រវត្តិហើយធ្វើការបង្ហាញឈ្មោះតាមរយៈលក្ខណៈផ្ទៃមុខដែលបានស្កេន ដោយគ្មានឆ្លងកាត់ការអនុញ្ញាតពីសាមីខ្លួនអ្វីទាំងអស់។ ចំណុចនេះហើយទើបនាំឲ្យមានការដាក់ពាក្យបណ្ដឹង ដែលវាក៏មានល្មើសនឹងច្បាប់ស្តីពីសិទ្ធិឯកជននៃរដ្ឋ Illinois ផងដែរ។
ទាក់ទងនឹងការប្ដឹងផ្ដល់នេះ Facebook បានសម្រេចប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ចៅក្រមសហព័ន្ធដែល សម្រេចឲ្យករណីពាក្យបណ្ដឹងនេះក្លាយជាបណ្ដឹងតាងនាមក្រុម កាលពីឆ្នាំ ២០១៨។ ប៉ុន្តែ Facebook ចាញ់ឧទ្ធរណ៍ ក្នុងការសម្រេចរបស់តុលាការ ៣-០ កាលពីខែសីហា ឆ្នាំ ២០១៩។
ទឹកប្រាក់សម្រួល ៥៥០ លានដុល្លារបានពី Facebook នឹងត្រូវបានទៅលើអ្នកប្រើប្រាស់ Facebook នៅរដ្ឋ Illinois មួយចំនួនដែលមានសិទ្ធទទួលបាន និងត្រូវយកបង់ថ្លៃច្បាប់របស់ដើមបណ្ដឹង។ នេះបើផ្អែមតាមការចុះផ្សាយរបស់ The New York Times៕








