Apple ត្រូវបានតុលាការបញ្ជាឲ្យបង់លុយជិត ១ពាន់លានដុល្លារ លើការល្មើសប៉ាតង់ដែលកាន់កាប់ដោយវិទ្យាស្ថាន California ហៅកាត់ថា Caltech។ ផ្អែកតាមការចុះផ្សាយរបស់ Bloomberg តុលាការបានសម្រេចសាលក្រមនាថ្ងៃថា Apple និង Broadcom ត្រូវបង់ថ្លៃសរុប ១,១ ពាន់លានដុល្លារដល់ Caltech។
ក្នុងនោះ Apple ទទួលខុសត្រូវ ៨៣៨ លានដុល្លារ ខណៈដែល Broadcom ទទួលខុសត្រូវ ២៧០ លានដុល្លារ។ ដំណើរដើមទងនៃការប្ដឹងផ្ដល់នេះ គឺចាប់ផ្ដើមក្នុងឆ្នាំ ២០១៦ ដោយ Caltech និយាយថាឈីប WiFi ដែល Broadcom បង្កើត និងត្រូវ Apple យកប្រើ គឺមានល្មើសនូវប៉ាតង់របស់ខ្លួន។ ពាក្យបណ្ដឹងមាននិយាយអំពីផលិតផល Apple ទាំងអស់ គឺ iPhone, iPad, Mac, iMac, Apple Watch, Apple TV, HomePod និងសូម្បីតែ AirPort ដែលឈប់ផលិតហើយក្ដី។
ទឹកប្រាក់ ៨៣៨ លានដុល្លារនេះដែរ គឺផ្អែកលើចំនួនលក់នៃផលិតផល Apple ដែលមានសរុបជាង ៥៩៨ លានគ្រឿងនៅសហរដ្ឋអាមេរិក ដែលបានល្មើសនឹងប៉ាតង់ WiFi ដោយគិតចាប់ពីឆ្នាំ ២០១០ មក។
Apple បានឆ្លើយតបនឹងការសម្រេចសាលក្រមនេះ ដោយគ្រោងនឹងធ្វើការប្តឹងឧទ្ធរណ៍។ ចំណែក Broadcom មិនទាន់ឆ្លើយតបនឹងករណីនេះនៅឡើយទេ៕








