ទន្ទឹមនឹងការរាតត្បាតនូវវីរុសផ្លូវដង្ហើមថ្មីដ៏កាចសាហាវនាដើមឆ្នាំ ២០២០ ទៀតសោតក៏មានរឿងរ៉ាវឈឺក្បាលមួយផ្សេងទៀតពាក់ព័ន្ធនឹងការចែកចាយព័ត៌មានបំប៉ោងដែលធ្វើឲ្យប្រជាជនទូទាំងសកលលោកកាន់តែមានការភ័យខ្លាច រហូតដល់អត្ថន័យខ្លះលើសពីការពិតដែលកំពុងកើតមានឡើងថែមទៀត។
តាមប្រភពពីអ្នកទទួលបានសារពី WeChat មួយរូប បញ្ជាក់ឲ្យដឹងថាមានការចែកចាយនូវវិធីសាស្រ្តការពារវីរុសកូរ៉ូណាប្លែកៗពីគ្នា ខ្លះឲ្យយើងផឹកទឹកខ្មេះ ខ្លះទៅថាឲ្យបញ្ចៀសការផឹកកាហ្វេ បើមិនចង់ឆ្លងវីរុស។ មកទល់ពេលនេះអាជ្ញាធរប្រទេសចិនបានធ្វើការឃាត់ខ្លួននិងពិន័យដល់ជនបំពុលសង្គមចំនួន ២៥០ នាក់រួចមកហើយទូទាំងប្រទេសចិន។រំឭកថាគិតត្រឹមព្រឹកថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០២០ នេះ ករណីអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាមានសរុបចំនួន ៤២៧ នាក់ហើយ ប៉ុន្តែព្យាបាលជោគជ័យក៏មានតួលេខខ្ពស់ដល់ទៅ ៦៤៦ នាក់ ទន្ទឹមដែលអ្នកឆ្លងសរុបមាន ២០ ៦០៤ នាក់៕









