ពាក្យសម្ងាត់គឺប្រៀបបានទៅនឹងកូនសោរផ្ទះផ្ទាល់ខ្លួនរបស់អ្នកនៅលើអ៊ីនធឺណិត អ្នកគួរតែប្រុងប្រយ័ត្ន និងមានវិធីការពារត្រឹមត្រូវពីការលួចពាក្យសម្ងាត់របស់អ្នក។ អ្នកអាចការពារគណនីឱ្យកាន់តែមានសុវត្ថិភាពដោយប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់បន្ថែមក្រៅពីការប្រើប្រាស់ពាក្យសម្ងាត់តែមួយមុខ។
ពាក្យសម្ងាត់
ពាក្យសម្ងាត់អាចមានការពិបាកខ្លះជាពិសេសនៅពេលអ្នកមិនអាចចងចាំ ប៉ុន្តែវាមានសារៈសំខាន់ក្នុងការរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព។ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខព័ត៌មាន
- បង្កើតពាក្យសម្ងាត់ក្នុងទម្រង់ជាឃ្លា ឬប្រយោគ: ពាក្យសម្ងាត់ដែលខ្លាំងគឺយ៉ាងហោចណាស់ត្រូវមានប្រវែងចាប់ពី១២ តួរអក្សរ ផ្គុំដោយនិមិត្តសញ្ញា អក្សរធំ តូច និងលេខ។ អ្នកអាចផ្តោតលើប្រយោគ ឬពាក្យដែលអ្នកចូលចិត្តហើយងាយចាំ (ឧទាហរណ៍ “ILoveCambodia1@”)
- គណនីមួយ ពាក្យសម្ងាត់មួយ: ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗពីគ្នានៅលើគណនីនីមួយៗអាចជួយទប់ស្កាត់ ឬយ៉ាងហោចណាស់អ្នកគួរបែងចែករវាងគណនីសម្រាប់ការងារ និងគណនីផ្ទាល់ខ្លួន ហើយត្រូវដាក់ពាក្យសម្ងាត់ឱ្យបានខ្លាំងសម្រាប់គណនីដែលសំខាន់
- កត់ត្រាពាក្យសម្ងាត់ និងរក្សាទុកនៅកន្លែងមានសុវត្ថិភាព: ជារឿយៗអ្នកប្រើប្រាស់តែងតែភ្លេចពាក្យសម្ងាត់ ការកត់ត្រាទុក និងរក្សានូវកន្លែងមានសុវត្ថិភាព (ឧ. ទូរដែកសុវត្ថិភាព) អាចជាវិធីមួយការពារពីការភ្លេចពាក្យសម្ងាត់ ឬអ្នកអាចប្រើប្រាស់សេវាកម្ម ឬកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់
វិធីសាស្ត្រផ្សេងៗទៀតក្នុងរក្សាសុវត្ថិភាពគណនី
ការវាយបញ្ចូលឈ្មោះ និងពាក្យសម្ងាត់ចូលប្រើប្រាស់គណនីក្នុងវេបសាយ មិនមែនជាមធ្យោបាយតែមួយមុខដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកលើសេវាកម្មវេបសាយដែលអ្នកប្រើនោះទេ។
- ការការគណនីត្រឹមតែឈ្មោះ និងពាក្យសម្ងាត់មួយមុខមិនគ្រប់គ្រាន់នោះទេក្នុងការការពារសុវត្ថិភាពគណនីរបស់អ្នកដូចជា គណនីធនាគារ និងគណនីបណ្តាញសង្គមជាដើម
- ចាក់សោការចូលរបស់អ្នក: ពង្រឹងសុវត្ថិភាពគណនីរបស់អ្នក ដោយការបើក ឬប្រើប្រាស់មុខងារផ្ទៀងផ្ទាត់សុវត្ថិភាពបន្ថែម ដែលអាចប្រើប្រាស់បាននៅលើវេបសាយនោះ។
- ជាទូទៅវេបសាយមួយចំនួនដាក់ឱ្យប្រើប្រាស់មុខងារនេះរួមមានការផ្ទៀងផ្ទាត់បន្ថែមដូចជា៖ ជីវមាត្រ (biometrics), សោរសុវត្ថិភាព (security keys), លេខកូដប្រើប្រាស់បានតែមួយដង (unique one-time code) និង សារខ្លីៗ (SMS) ជាដើម
ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕








