អ្នកធ្វើដំណើរនិងនាវិកច្រើនជាង ៣ ៥០០ នាក់កំពុងជាប់នៅលើនាវា Princess Cruises ដែលរដ្ឋាភិបាលជប៉ុនបានឃាត់ទុកដោយឡែកដើម្បីតាមដានស្ថានភាពអស់រយៈពេលជាង ១ សប្តាហ៍មកហើយ។ គិតមកទល់ចុងសប្ដាហ៍នេះមានមនុស្សមិនតិចជាង ១៥០ នាក់នោះទេ ដែលពិនិត្យឃើញលទ្ធផលវិជ្ជមាននៃវីរុសផ្លូវដង្ហើមថ្មី COVID-19។
រដ្ឋាភិបាលជប៉ុនដែលកំពុងរងថ្មបាក់ ត្បិតបើលើនាវានោះមានប្រជាជនរបស់ខ្លួនមួយចំនួនក្តី តែក៏មានជនបរទេសក្រៅស្រុកជាច្រើនទៀតផងដែរ ហើយដើម្បីជួយសម្រួលឲ្យងាយស្រួលលើការរាយការណ៍និងត្រូវការជំនួយផ្សេងៗ ក្រសួងសុខាភិបាលជប៉ុននិងក្រុមហ៊ុនប្រព័ន្ធទូរសព្ទ SoftBank បានសម្រេចចិត្តប្រគល់ជូន iPhone ចំនួន ២ ពាន់គ្រឿងឥតគិតថ្លៃដល់មនុស្សទាំងអស់នោះ។
ក្នុងនោះយ៉ាងហោចណាស់ ១ កាប៊ីនទទួលបាន iPhone ១ គ្រឿង ដោយមានដំឡើងកម្មវិធី (Application) មួយមកពីនាយ ដែល App នោះផ្តល់ប្រយោជន៍សម្រាប់ឲ្យអ្នកជំងឺធ្វើការចុចស្នើសុំនូវថ្នាំព្យាបាល ឬរៀបចំការណាត់ជួបផ្សេងៗជាមួយវេជ្ជបណ្ឌិត និងទទួលបានព័ត៌មានអាប់ដែតចេញពីក្រសួងសុខាភិបាលបានរហ័សបំផុត។ នេះបើតាមគេហទំព័រ 9to5mac បានចុះផ្សាយ។ហេតុផលដែលតម្រូវឲ្យមានការផ្តល់ជូននេះជាចាំបាច់ ព្រោះអ្នកនៅលើនាវាខ្លះមិនអាច Download កម្មវិធីនោះចេញពី App Store បានឡើយ ព្រោះមិនមានជាប់គណនីក្នុងប្រទេសជប៉ុន៕








