ទីក្រុងវ៉ាស៊ីនតោន៖ ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាមេរិក

0

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាមេរិក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ទង្វើបែបនេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Geng Shuang ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់សមាជិក៤រូប នៃកងទ័ពរំដោះប្រជាជនចិន ពីបទវាយប្រហារតាមព័ត៌មានវិទ្យា ឬ Hack ប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧។ ប៉ុន្តែ ក្រសួងការបរទេសចិន បានចេញមកបញ្ជាក់ថា រដ្ឋាភិបាល និងយោធាចិន មិនបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋបែបនេះឡើយ។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុម Hackers មួយចំនួនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមលួចយក ទិន្នន័យសំងាត់ជាច្រើន ដើម្បីយកទៅប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ បើទោះជាចិនបានបដិសេធក៏ដោយ។ ម្យ៉ាងវិញទៀត តាមរយៈការចោទប្រកាន់នេះ សហរដ្ឋអាមេរិក ក៏បានដាក់ចេញផងដែរនូវវិធានការរឹតត្បិត យ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាមួយការអំពាវនាវដល់ប្រទេសដទៃទៀត ឲ្យគាំទ្រការដាក់ទណ្ឌកម្មរបស់ខ្លួន និងចោទប្រកាន់ក្រុមហ៊ុនយក្សមួយនេះ ថាជាចារកម្មសម្ងាត់របស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here