ពិព័ណ៌ពិភពលោកប្រចាំឆ្នាំ នៃទូរស័ព្ទដៃនិងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដ៏ធំនិងល្បីបំផុត នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ត្រូវគេសម្រេចលុបចោល មិនធ្វើវិញ ដោយសារតែមានការបារម្ភ ពីការឆ្លងមេរោគផ្លូវដង្ហើមកូរ៉ូណាវីរុស។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រមាណជាង៣០ក្រុមហ៊ុន បានសម្រេចចិត្ត មិនមកចូលរួមកម្មវិធី ដែលគ្រោងធ្វើចាប់ពីថ្ងៃទី២៤កុម្ភៈនេះ ដោយសារតែគេភ័យបារម្ភ ពីសុខភាពរបស់បុគ្គលិករបស់គេរៀងៗខ្លួន។
ពិព័ណ៌ទូរស័ព្ទដៃ និងប្រព័ន្ធបចេ្ចកវិទ្យា ពិភពលោក នៅក្រុងបាសេឡូណា MWC គឺជាការណាត់ជួបដ៏ធំ និងសំខាន់បំផុត ជារៀងរាល់ឆ្នាំ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ទូទាំងពិភពលោក។ គឺក្នុងឱកាសនេះហើយ ដែលក្រុមហ៊ុនទាំងអស់ តាំងបង្ហាញអួត ពីផលិតផល ក៏ដូចជាបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន។
សម្រាប់កម្មវិធីពិព័ណ៌ឆ្នាំ២០២០ ដែលគ្រោងធ្វើចន្លោះពីថ្ងៃទី២៤ ដល់ ២៧កុម្ភៈ តាមការព្យាករណ៍ដំបូង គឺអាចមនុស្សចូលមកមើល ប្រមាណ១១ម៉ឺននាក់ ហើយក្នុងនោះអាចមានវត្តមានបុគ្គលិក ឬអ្នកជំនាញជនជាតិចិន ដល់ទៅ៥០០០នាក់។ ឆ្លងកាត់ភាពស្ទាក់ស្ទើរអស់ជាច្រើនថ្ងៃ ទីបំផុតទៅ សមាគមGSMA ដែលជាអ្នកចាត់ចែងពិព័ណ៌នេះ បានសម្រេចលប់ចោលពិព័ណ៌ឆ្នាំ២០២០ ដោយសារបញ្ហាមេរោគកូរ៉ូណា។
អ្នករៀបចំ បានលើកឡើងថា ក្នុងចំនោមក្រុមហ៊ុន ដែលចុះឈ្មោះទាំង២៨០០ មានជាង៣០បានបញ្ជាក់ថា គេនឹងមិនមកចូលរួមទេ។ ក្រុមហ៊ុនទាំងជាង៣០នោះ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញជប៉ុន Rakuten ក្រុមហ៊ុនទូរគមនាគមអាល្លឺម៉ង់ Deutsche Telecom ក្រុមហ៊ុន Nokia ក្រុមហ៊ុនVodafone ក្រុមហ៊ុន Intel Facebook Amazon ក្រុមហ៊ុនចិនVivo ក្រុមហ៊ុនកូរ៉េ LG និងក្រុមហ៊ុន Sony របស់ជប៉ុនជាដើម។ ដោយឡែក ក្រុមហ៊ុន Samsung និង Huawei បានរក្សាការចូលរួមរបស់ខ្លួន ក៏ប៉ុន្តែដោយរៀបចំដាក់ចុះវិធានការសុខភាពយ៉ាងតឹងតែង ទៅលើបុគ្គលិកខ្លួន ដែលមកចូលរួមពិព័ណ៌នេះ។
គួរកត់សំគាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាំងអាជ្ញាធរអេស្ប៉ាញ ទាំងក្រុមអ្នករៀបចំពិធីតាំងពិព័ណ៌ បានព្យាយាមធានាអះអាង និងអំពាវនាវ កុំឲ្យមានការព្រួយបារម្ភជ្រុលហួសហេតុពេក ទាក់ទិននឹងករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ។ តែយ៉ាងណា ការប្រឹងប្រែងនេះ មិនបានលទ្ធផលទេ ដោយសារក្រុមហ៊ុនមួយចំនួនធំ បានសុខចិត្តមិនមកចូលរួម ដោយផ្តល់អាទិភាពដល់សុខភាពរបស់បុគ្គលិកជាចំបង។
គួរកត់សំគាល់ផងដែរថា ក្រៅពីពិព័ណ៌ទូរសព្ទ័ដៃ និងបច្ចេកវិទ្យាពិភពលោកនេះ នៅមានកម្មវិធីធំៗមួយចំនួនទៀត ដែលត្រូវបានលប់ចោល ព្យួរ ឬប្តូរកាលបរិច្ឆេទ ដោយសារតែមានការបារម្ភ ទាក់ទិននឹងមេរោគកូរ៉ូណា។ ក្នុងនោះមានកម្មវិធីប្រកួតកីឡាជាលក្ខណៈអន្តរជាតិជាច្រើន ដែលគ្រោងធ្វើនៅប្រទេសចិន ត្រូវបានលុបចោល ឬប្តូរកាលបរិច្ឆេទ។ កម្មវិធីពិព័ណ៌ពាណិជ្ជកម្មអន្តរជាតិជាច្រើន នៅទីក្រុងធំៗរបស់ចិន ក៏ត្រូវលប់ចោលផងដែរ។ ដោយឡែក សម្រាប់កម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យ៉ូ ដែលត្រូវបើកទ្វារ ប្រមាណជាង៥ខែទៀតនោះ ត្រូវបានគណៈកម្មការរៀបចំ អះអាងថានឹងរក្សាការរៀបចំដដែល មិនមានការលុបចោល ដូចពាក្យចចាមអារ៉ាមនោះទេ៕









