មួយរយៈមុននេះ ព័ត៌មានដែលនិយាយទាក់ទងនឹងគម្រោងថ្មីមួយរបស់ Samsung ដោយស្ថិតនៅក្រោមឈ្មោះថា NEON ត្រូវបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ នៅលើបណ្តាញសង្គមនានា។ មុនដំបូង វាធ្លាប់ត្រូវបានគេសង្ស័យថា ជាឧបករណ៍ប្រភេទ Projector ដែលអាចឲ្យយើងពាក់លើខ្លួនបាន ស្រដៀងគ្នា ទៅនឹងបច្ចេកវិទ្យា Hologram ដែរ ដែលអាចសម្គាល់កាយវិការយើង ដើម្បីបញ្ជាលើមុខងារផ្សេងៗ និងមានជំនួយការឌីជីថល ដូចជា Bixby, Google Assistant ឬ Siri ជាដើម។
យ៉ាងណា តាមពិតទៅ គម្រោងមួយនេះ គឺចង់សំដៅលើ “មនុស្សសិប្បនិម្មិត” ឬអាចហៅបានច្រើនទៀត ដូចជា Neon Artificial Human, Neon Life និង Core R3 ផងដែរ។ ដោយឡែក មកដល់ពេលនេះ យើងនឹងបានឃើញពីគម្រោង Neon នេះ កាន់តែច្បាស់ ថែមមួយកម្រិតទៀតហើយ តាមរយៈការបង្ហោះឡើង ពីអ្នកដឹកនាំនៃគម្រោងមួយនេះ នៅលើបណ្តាញសង្គម Twitter ដោយលោក Pranav Mistry បានបង្ហាញមតិផ្ទាល់ថា បច្ចេកវិទ្យា Core R3 របស់ខ្លួន អាចបង្កើត ការបញ្ចេញអារម្មណ៍ ឬទឹកមុខដោយខ្លួនឯង ក៏ដូចជាចលនា និងអាចនិយាយភាសាផ្សេងៗបាន ដោយមិនចាំបាច់បញ្ចូលទិន្នន័យនោះទេ គឺវាអាចរៀន ដោយខ្លួនឯងតែម្ដង។









