Microsoft ដាក់​បង្ហាញ​ពី​សមត្ថភាព​របស់​កញ្ចក់​ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​ហើយ

0

គម្រោងឈ្មោះថា Project Silica គឺជាការសិក្សាស្រាវជ្រាវថ្មីរបស់ Microsoft ដែលបានខិតខំព្យាយាមផលិតកញ្ចក់ពិសេសម្យ៉ាង អាចឲ្យយើងផ្ទុកទិន្នន័យបាន ដោយរហូតមកដល់ពេលឥឡូវនេះ វាឈានមកដល់ដំណាក់កាលជោគជ័យ ជាបណ្ដើរៗហើយ។ បន្ទាប់ពីការចាប់ដៃគូគ្នារវាង Microsoft និងផលិតកម្មខ្សែភាពយន្ដ Warner Bros. ក៏បានធ្វើការដាក់បញ្ចូលរឿង Superman ចាក់បញ្ចាំងក្នុងឆ្នាំ 1978 ទៅក្នុងកញ្ចក់ដ៏ស្ដើងមួយ ដែលមានកម្រាស់ 2 មិល្លីម៉ែត្រ និងមានប្រវែងត្រឹមតែ 7.5 សង់ទីម៉ែត្រប៉ុណ្ណោះ។

ភាពជោគជ័យដ៏ធំមួយនេះ គឺជាចំណុចកំពូលនៃការស្រាវជ្រាវ អស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបង្កើតឡើងបាន ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរួមមានដូចជា អុបទិកឡាស៊ែរល្បឿនលឿន និង AI ជាជំនួយថែមទៀតផង នេះបើយោងទៅតាម Microsoft បញ្ជាក់ប្រាប់កាលពីខែវិច្ឆិកាកន្លងទៅ។ អ្នកស្រាវជ្រាវជំនាញរបស់ Microsoft បានប្រើម៉ាស៊ីនឡាស៊ែរនោះ ទៅឆ្លាក់វិមាត្រទៅក្នុងផ្ទៃកញ្ចក់ ដើម្បីអាចអនុញ្ញាតឲ្យកុំព្យូទ័រស្កេនទិន្នន័យបាន និងប្រើពន្លឺចាំងតាមកញ្ចក់ សម្រាប់បង្កើតជាស្នាមគំរូ។ មូលហេតុចម្បងដែលកើតមានគម្រោងនេះឡើង គឺមានគោលបំណងចង់បង្កើត របៀបថ្មីនៃការរក្សាទុកទិន្នន័យ ដែលមានអាយុកាលបានកាន់តែយូរ និងចំណាយថវិកាតិចជាងមុនថែមទៀត។ បើមើលទៅដូចវាជាកញ្ចក់ធម្មតាមែន ប៉ុន្ដែវាអាចទ្រទ្រង់កម្ដៅក្ដៅបានខ្លាំង, អាចចូលទឹកបាន ហើយទោះបីជាដាក់ក្នុងម៉ាស៊ីន Microwave ក៏វាមិនអីនោះដែរ និងមានអាយុកាលដល់ទៅរាប់រយឆ្នាំឯណោះ។

សរុបមកវិញ Microsoft បានដាក់បង្ហាញឲ្យឃើញថា កញ្ចក់ពិសេសរបស់ខ្លួន គឺពិតជាអាចផ្ទុកទិន្នន័យបានមែន ហើយបានដាក់បញ្ចូលរឿង Superman (1978) បានដោយជោគជ័យ ហើយរូបភាពខាងលើនេះ ជាការប្រៀបធៀបរវាងទិន្នន័យក្នុងទ្រង់ទ្រាយដើម ហើយទំហំរបស់កញ្ចក់មួយនេះ។ យ៉ាងណាក៏ដោយ Microsoft មិនទាន់បានបង្ហើបប្រាប់ពី គម្រោងចេញលក់វាជាផ្លូវការនៅឡើយទេ ដោយយើងត្រូវរង់ចាំមើលព័ត៌មានលម្អិត នៅពេលក្រោយៗទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here