កាលពីពេលថ្មីៗនេះ Boeing បានធ្វើការបង្ហោះសាកល្បងមួយ នូវយានអាវកាសប្រភេទ Starliner របស់ខ្លួន ហើយការបង្ហោះនោះដែរ ក៏ដើម្បីសិក្សាបន្ថែមទៀត ទៅលើយានអាវកាសប្រភេទនេះ ក៏ដូចជាដើម្បីប្រមូលទិន្នន័យសំខាន់ៗមួយចំនួន ដែលគេចង់បាន។ មិនខុសទេ នៅក្នុងនោះ វាពិតជាបានបង្កើតកំណត់ត្រាល្អមួយ សម្រាប់ពួកគេ ព្រោះថានេះជា Starliner ដំបូងរបស់អាមេរិក ដែលបានចុះចតនៅលើដី ដោយមានសុវត្តិភាព ខណៈពេលដែលលើកមុន គឺតែងតែចុះនៅលើសមុទ្រជានិច្ច។
ប្រាកដណាស់ បើតាមការបង្ហាញក្នុងសារពត៌មាន បានឲ្យដឹងថា Starliner របស់ Boeing នេះ បានធ្វើការចុះចត នៅលើដីយ៉ាងមានសុវត្ថិភាពនៅ Mexico ដែលធ្វើឲ្យវាក្លាយជា ការផលិតដំបូងរបស់អាមេរិក ដែលបានចុះចតនៅលើដី ដោយមិនមានបញ្ហា។ យ៉ាងណាក៏ដោយ ការសាកល្បងនេះ វាមិនដូចការគ្រោងទុកឡើយ ព្រោះថា Starliner នេះ មិនបានចុះចតនៅលើ International Space Station ដូចផែនការនោះទេ ប៉ុន្តែវានៅតែប្រមូលបានទិន្នន័យជាច្រើន ដែលពួកគេត្រូវការត្រលប់មកវិញ បើគិតទៅបានប្រមាណជា 85 ទៅ 90% បើធៀបនឹងអ្វីដែលគេចង់បាន ហើយក្នុងនោះ វាក៏បានធ្វើឲ្យគេយល់ច្បាស់បន្ថែមទៀត ក៏ដូចជាអាចធ្វើការកែប្រែកំហុស ដែលកើតមានចំពោះការហោះហើរទៀតផង នេះបើតាមការបង្ហាញរបស់លោក Jim Chilton។ យ៉ាងណាក៏ដោយ NASA និង Boeing ក៏បានបង្ហាញនៅក្នុងសន្និសីទកាសែតថា ពួកគេនៅតែរំពឹងថា នឹងមានការហោះហើរបែបនេះបន្ទាប់ទៀត ប៉ុន្តែមុននឹងធ្វើសកម្មភាព គឺពួកគេត្រូវការពិនិត្យមើលទិន្នន័យ ឲ្យបានច្បាស់ជាមុនសិនផងដែរ។
និយាយរួមមកវិញ យើងឃើញថា Starliner របស់ Boeing បានក្លាយជាការផលិតដំបូង ដោយសហរដ្ឋអាមេរិក ដែលអាចធ្វើការចុះចតនៅលើដីយ៉ាងមានសុវត្តិភាព កាន់តែពិសេសនោះ បើទោះជាវាមិនបានចុះនៅលើ International Space Station តាមការគ្រោងទុកមែន ប៉ុន្តែវាបានជួយនាំយកទិន្នន័យជាច្រើន ទៅតាមអ្វីដែលពួកគេត្រូវការ លើសពីនេះវាក៏ធ្វើឲ្យគេ ដឹងច្បាស់ ក៏ដូចជាអាចកែប្រែ នូវកំហុសដែលបានកើតឡើង ក្នុងការហោះហើរ នាពេលក្រោយៗទៀតផងដែរ។








