នៅក្នុងពេលសព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែរីកចម្រើនឡើងៗ ដោយសារតែមានក្រុមហ៊ុនជាច្រើន បានធ្វើការសិក្សារស្រាវជ្រាវ ដើម្បីរុករករបកគំហើញថ្មីរៀងៗខ្លួន ក៏ដូចជាដើម្បីប្រកួតប្រជែងគ្នា ក៏ដូចជារកប្រាក់ចំណូល បានកាន់តែច្រើនផងដែរ។ ដោយឡែក នៅក្នុងពេលនេះវិញ ការផលិតយន្តហោះប្រភេទ Supersonic របស់ NASA ដែលមានឈ្មោះថា X-59 បានមកដល់ដំណាក់កាលចុងក្រោយហើយ ព្រមទាំងមានគម្រោងក្នុងការហោះហើរលើកដំបូង នៅក្នុងឆ្នាំ 2021 ថែមទៀតផង។
មិនខុសទេ បើតាមដំណឹងដែលយើងទទួលបាន អាចនិយាយបានការផលិតយន្តហោះល្បឿនលឿនជាងសម្លេង ដែលមានឈ្មោះដូចបានបង្ហាញខាងលើ ពេលនេះវាកាន់តែកៀកមែនទែនហើយ ក្នុងការសម្រេចបាន ពោលគឺវាមកដល់ដំណាក់កាលចុងក្រោយផងដែរ។ គួរបញ្ជាក់ថា នេះជាប្រភេទយន្តហោះ ដែលមានលក្ខណៈអស្ចារ្យបំផុត ដោយសារវាបានប្រើប្រាស់បច្ចេកវិទ្យា Quiet SuperSonic Technology (QueSST) ដែលជាបច្ចេកវិទ្យាមួយ មានសារសំខាន់សម្រាប់យន្តហោះខាងលើ ព្រោះថាវាអាចធ្វើឲ្យយន្តហោះនោះ មានសម្លេងស្ងាត់ ព្រមទាំងមានល្បឿនលឿនខ្លាំងបំផុត ដល់ថ្នាក់លឿនជាងសម្លេងរបស់វាទៀតផង។ ប្រាកដណាស់យន្តហោះនេះ វាអាចធ្វើការហោះបានដល់កម្ពស់ 16,764 ម៉ែត្រ ក៏ដូចជាមានល្បឿនដល់ 1,512 km/h ឯណោះ ហើយគេក៏មានគម្រោង ក្នុងការដាក់ឲ្យយន្តហោះនេះ ធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ 2021 ខាងមុខនេះផងដែរ។
មួយវិញទៀត X-59 នេះត្រូវបានរចនាឡើងដោយ Lockheed Martin ដែលត្រូវបានយកចិត្តទុកដាក់ខ្លាំង ដើម្បីឲ្យសបស្រមទៅនឹងបច្ចេកវិទ្យា QueSST មាននៅលើយន្តហោះប្រភេទនេះ។ អញ្ចឹងហើយ បើតាមការរៀបរាប់ខាងលើនេះ អាចនិយាយបានថា យន្តហោះខាងលើ កំពុងតែស្ថិតក្នុងដំណាក់កាលមួយ កាន់តែកៀកក្នុងការសម្រេចបាន ប៉ុន្តែយើងមិនដឹងច្បាស់នោះទេ ថាការផលិតនេះ នឹងបញ្ចប់នៅពេលណា គ្រាន់តែដឹងថា គម្រោងរបស់ NASA គឺនឹងធ្វើការបង្ហោះវាលើកដំបូង នៅក្នុងឆ្នាំ 2021 ហ្នឹងឯង។








