ឯកជនភាព​ និងសុវត្ថិភាពក្នុងការប្រ់ប្រាស់បណ្តាញសង្គម

0

ប្រព័ន្ធបណ្តាញសង្គម បានក្លាយជាផ្នែកសំខាន់មួយនៅលើអ៊ីនធឺណិត។ បណ្តាញសង្គមគឺជាមធ្យោបាយដ៏ពេញនិយមមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែអ្នកគួរតែប្រយ័ត្នអំពីព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកបានបង្ហោះ (post) ឬបញ្ចេញមតិ។

អ្នកគួរចែករំលែកអត្ថបទនេះ ទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្ត្រ និងអ្នកធ្វើការជាមួយគ្នា ឱ្យពួកគេបានស្វែងយល់អំពីការណែនាំទាំងនេះដើម្បីប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព។

  • ការកំណត់ឯកជនភាព និងសុវត្ថិភាពនៅលើបណ្តាញសង្គម៖ ស្វែងយល់អំពីការកំណត់ភាពឯកជន និងសុវត្ថិភាពនៅលើបណ្តាញសង្គមឱ្យបានច្បាស់លាស់។ ការកំណត់ទាំងនោះអាចការពារព័ត៌មានដែលបានបង្ហោះព័ត៌មាន ឬបញ្ចេញមតិនៅក្នុងបណ្តាញសង្គម ឱ្យឃើញត្រឹមតែមិត្តភ័ក្ត្រអ្នកប៉ុណ្ណោះ ឬសម្រាប់អ្នកណាម្នាក់ ឬអាចឱ្យគេឃើញគ្រប់គ្នា ដែលជាមុខងារដ៏ចាំបាច់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មាន និងឯកជនភាពរបស់អ្នកនៅលើបណ្តាញសង្គម។
  • ការបង្ហោះព័ត៌មាន ឬបញ្ចេញមតិ៖ អ្វីដែលអ្នកបង្ហោះ ឬបញ្ចេញមតិនៅលើអនឡាញវានឹងរក្សាទុក ហេតុដូចនេះសូមប្រុងប្រយ័ត្ន និងគិតឱ្យបានច្បាស់មុននឹងសម្រេចចិត្តបង្ហោះ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធទៅនឹងរូបអាសអាភាស ឬព័ត៌មានក្លែងក្លាយជាដើម ដែលអាចនាំឱ្យអ្នកមានឈ្មោះមិនល្អក្នុងការចែកចាយព័ត៌មាន។
  • រក្សាព័ត៌មានផ្ទាល់ខ្លួនជាលក្ខណៈផ្ទាល់ខ្លួន៖ ប្រយ័ត្នប្រយែងអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះបើអ្នកបង្ហោះព័ត៌មានផ្ទាល់ខ្លួនច្រើនវាអាចនាំឱ្យអ្នកដ៏ទៃ ទាញយកព័ត៌មានទាំងនោះទៅប្រើប្រាស់ ឬបន្លំជារូបអ្នកនៅលើបណ្តាញសង្គម ករណីនេះគឺមានកើតឡើងរួចមកហើយ ជាពិសេសពួក Hacker តែងតែប្រើមធ្យោបាយនេះដើម្បីបន្លំជារូបអ្នក/លួចអត្តសញ្ញាណរបស់អ្នក ឬត្រូវបានគេស្គាល់ថា Identity Theft ។
  • ដឹងថាត្រូវធ្វើយ៉ាងណា៖ ប្រសិនបើមាននរណាម្នាក់រំខានយាយី ឬគំរាមកំហែងអ្នក។ អ្នកអាចធ្វើការដកគេចេញ (remove) ពីបញ្ជីមិត្តភក្តិរបស់អ្នក ឬប្លុក (block) ហើយធ្វើការរាយការណ៍ទៅកាន់អភិបាលគ្រប់គ្រងបណ្តាញសង្គម ឬអាជ្ញាធរមានសមត្ថកិច្ចដើម្បីព្រឹក្សាយោបល់ ឬដាក់ពាក្យបណ្តឹង។

ការអនុវត្តល្អក្នុងការការពារខ្លួន និងសុវត្ថិភាពគណនី

  • រក្សាបច្ចុប្បន្នកម្មវិធីសុវត្ថិភាព៖ ប្រើប្រាស់កម្មវិធីដែលមានកំណែចុងក្រោយបំផុតអាចផ្តល់សុវត្ថិភាពមួយកម្រិត ដូចជាកម្មវិធី browser និង ប្រព័ន្ធប្រតិបត្តិការជាដើមក្នុងការការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគមេរោគ និងការគំរាមកំហែងផ្សេងៗទៀតនៅលើអ៊ីនធឺណិត។
  • គ្រប់គ្រងវត្តមានលើអ៊ីនធឺណិតរបស់អ្នក៖ អ្នកគួរប្រើប្រាស់មុខងារឯកជនភាព ដើម្បីការពារក្នុងការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ព្រោះព័ត៌មានខ្លះអ្នកមិនចង់បង្ហោះ ឬចែកចាយឱ្យមនុស្សគ្រប់គ្នាជុំវិញពិភពលោកបានឃើញនោះទេ
  • ប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង៖ ការពារគណនីបណ្តាញសង្គមរបស់អ្នកដោយប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង យ៉ាង​ហោចណាស់​ត្រូវ​មាន​ប្រវែង​ចាប់​ពី​១២​ តួរ​អក្សរ​ ផ្គុំ​ដោយ​និមិត្តសញ្ញា​ អក្សរធំ​ តូច​ និងលេខ​។ អ្នក​​អាច​ផ្តោត​លើ​ប្រយោគ​ ឬ​ពាក្យ​ដែល​អ្នក​ចូលចិត្ត​ហើយ​ងាយ​ចាំ​ (ឧទាហរណ៍ “ILoveCambodia1@”)
  • គណនីមួយ ពាក្យសម្ងាត់មួយ៖ ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗពីគ្នានៅលើគណនីនីមួយៗអាចជួយទប់ស្កាត់ ​ឬ​​យ៉ាង​​ហោចណាស់​​អ្នក​គួរ​បែង​ចែក​រវាង​គណនី​សម្រាប់​ការងារ​ និង​គណនី​ផ្ទាល់ខ្លួន​ ហើយ​ត្រូវ​ដាក់​ពាក្យសម្ងាត់​ឱ្យ​បាន​ខ្លាំង​សម្រាប់​គណនី​ដែលសំខាន់​
  • ប្រុងប្រយ័ត្នលើតំណភ្ជាប់ និងការផ្សាយពាណិជ្ជកម្ម៖ អ្នកវាយប្រហារ ឬ hacker តែងតែប្រើប្រាស់មធ្យោបាយក្នុងការផ្ញើតំណភ្ជាប់ ឯកសារភ្ជាប់ ឬផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម ដើម្បីវាយប្រហារ និងលួចព័ត៌មាន និងគណនីរបស់អ្នក។ ចូរកុំចុច ឬបើកទៅកាន់តំណភ្ជាប់ ឯកសារភ្ជាប់ ឬផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះប្រសិនបើអ្នកមានការសង្ស័យ (ឧ. ការផ្សព្វផ្សាយលក់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកក្នុងតម្លៃថោកខ្លាំងខុសពីធម្មតា ឬសារឈ្នះរង្វាន់ជាដើម។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

Image result for Facebook Privacy

LEAVE A REPLY

Please enter your comment!
Please enter your name here