នៅក្នុងពេលសព្វថ្ងៃនេះ យើងឃើញថា ក្រុមហ៊ុនជាច្រើនដែលបានផលិតទូរសព្ទចេញមក គឺកំពុងតែព្យាយាម ក្នុងការលុបចោលនូវរន្ធសម្រាប់ ដាក់អង្គផ្ទុកបន្ថែម ឬ Micro SD Card ម្ដងមួយជំហានៗ ជាក់ស្ដែងដូចយើង បានឃើញស្រាប់ ក្រុមហ៊ុនធំៗមួយចំនួន បានបំបាត់វាចោលបាត់ទៅហើយ ដោយពួកគេបានប្រាប់ពីមូលហេតុថា ទូរសព្ទនោះ អាចដាក់ Hardware សំខាន់ៗជាច្រើនទៀត បើសិនមិនដាក់កន្លែងថែមអង្គផ្ទុកនេះ។
ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថា Xiaomi កំពុងតែមានគម្រោង ក្នុងការអភិវឌ្ឍន៍ ស៊ីមកាតប្រភេទថ្មី ដើម្បីទប់ស្កាត់បញ្ហាខាងលើនេះ ពោលគឺស៊ីមនោះ វាអាចដើរតួជាអង្គផ្ទុកបានថែមទៀតផង។ជាការពិតណាស់ បើតាមរូបភាពបែកធ្លាយ ទាក់ទងជាមួយប៉ាតង់នៃស៊ីមកាតរបស់ Xiaomi នោះ បានឲ្យដឹងថា ស៊ីមកាតនោះ វាមានលក្ខណៈដូចស៊ីមយើងធម្មតាអញ្ចឹង សម្រាប់ផ្នែកម្ខាង កាន់តែពិសេស វាអាចទ្រទ្រង់ជាមួយបច្ចេកវិទ្យា 5G បាន ហើយបើមើលម្ខាងទៀត វាមានលក្ខណៈជាអង្គផ្ទុកទិន្នន័យផងដែរ។
នៅក្នុងនោះដែរ បើមើលទៅតាមរន្ធសម្រាប់ដាក់ Micro SD Card នោះវិញ គឺអាចនិយាយបានថា វាមិនដូចទៅនឹងរន្ធដាក់ Micro SD Card របស់ក្រុមហ៊ុនផ្សេងទៀតនោះទេ ដែលនេះអាចបញ្ជាក់បានដែរថា វាអាចនឹងមានតែទូរសព្ទឆ្លាតរបស់ Xiaomi ក៏ដូចជា Redmi ប៉ុណ្ណោះ ដែលអាចប្រើប្រាស់វាបាន។ យ៉ាងណាក៏ដោយ បើតាមប៉ាតង់នេះ វាហាក់ដូចជាចំណុចពិសេសមួយ ប៉ុន្តែបើយើងគិតមកមើលបច្ចុប្បន្ននេះវិញ ឃើញថា ក្រុមហ៊ុនផលិតនានា ហាក់ដូចជាកាន់តែចង់ លុបចោលនូវផតទាំងឡាយ ចេញពីស្មាតហ្វូន ជាក់ស្ដែងដូចជា គេធ្វើឲ្យវាគាំទ្របានជាមួយ eSIM ដែលជាស៊ីមមួយ មិនចាំបាច់ប្រើប្រាស់កាត ដាក់នៅក្នុងទូរសព្ទនោះទេ ដូច្នេះហើយ ប៉ាតង់របស់ Xiaomi ខាងលើនេះ វាអាចជាចំណុចពិសេសមួយ ប៉ុន្តែវាក៏នឹងអាចត្រូវគេបោះបង់វិញដែរ បើសិនជាវាមាននៅថ្ងៃអនាគតនោះ។








