នាថ្ងៃនេះ Facebook បានបង្ហាញអំពីឧបករណ៍ AI វៃឆ្លាតមួយ ដែលកាលពីឆ្នាំមុនវាអាចលុបចាត់ការគណនីក្លែងក្លាយបានជាង ៦ ពាន់លានគណនីឯណោះ។ ផ្អែកតាម Facebook បានឲ្យដឹងថាឧបករណ៍នេះត្រូវបានប្រើប្រាស់រយៈពេល ២ ឆ្នាំមកហើយ ដែលវាជាវិធីសាស្ត្រដ៏ទំនើបមួយដែល Facebook មាន សម្រាប់ប្រយុទ្ធនឹងគណនីក្លែងក្លាយ។
ឧបករណ៍នេះគឺបានប្រើប្រាស់បច្ចេកវិទ្យាដែលគេឲ្យឈ្មោះថា “Deep Entity Classification” ដើម្បីវិភាគលើគណនី Facebook ដែល Active (មានសកម្មភាព) និងសកម្មភាពរបស់គណនី Facebook នីមួយៗមានជាមួយគណនីដទៃទៀត។ វាត្រួតពិនិត្យលើចំណុចជាច្រើនដូចជាចំនួន Friend Request ដែលគណនីមួយបានផ្ញើចេញ និងចំនួន Group ឬ Page ដែលគណនីបាន Join ឬ Follow ជាដើម។
អ្នកជំនាញទិន្នន័យវិទ្យាសាស្ត្ររបស់ Facebook ឈ្មោះ Bochra Gharbaouiបានប្រាប់ថាឧបករណ៍នេះបានជួយកាត់បន្ថយគណនី Spam បានរហូតដល់ ២៧% ឯណោះ។ Bochra ប៉ាន់ស្មានថាចំនួនគណនីក្លែងក្លាយនាពេលនេះគឺស្មើ ៥% នៃចំនួនគណនីសកម្មសរុបប្រចាំខែ។
ការកម្ចាត់ចោលគណនីក្លែងក្លាយគឺជារឿងធម្មតាហើយសម្រាប់ Facebook ប៉ុន្តែការលុបចេញគណនីក្លែងក្លាយដល់ ៦,៦ ពាន់លានគណនីក្នុងមួយឆ្នាំ គឺជាតួលេខដ៏ខ្ពស់បំផុតមួយ៕









