Apple បានធ្វើការអាប់ដេតវិបសាយរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ iPhone iPad និង Mac បានដឹងថា ពួកគេអាចសម្អាតឧបករណ៍របស់ខ្លួនជាមួយក្រដាសសើមមានជាតិអាល់កុលបាន ដោយមិនបាច់ព្រួយបារម្ភថាខូចនោះទេ។Apple បានណែនាំដូចនេះថា ៖ “ដោយប្រើប្រាស់ក្រដាសសើមមានជាតិអាល់កុល ឬផលិតផលម៉ាក Clorox Disinfecting Wipes អ្នកអាចជូតសម្អាតថ្នមៗលើផ្នែករឹងនៃផលិតផល Apple ដូចជាអេក្រង់ ក្ដារចុច និងផ្ទៃខាងក្រៅដទៃទៀត។ កុំប្រើទឹកសាប៊ូដែលវាមានជាតិគីមីខ្លាំង។ កុំឲ្យមានសំណើមជ្រៀតចូលរន្ធនានា និងកុំជ្រលក់ផលិតផល Apple ចូលក្នុងទឹកលាងសម្អាតនានា។ កុំជូតសម្អាតលើផ្ទៃកំណាត់ ឬស្បែក។”
កន្លងមក Apple បានណែនាំមិនឲ្យប្រើប្រាស់សារធាតុផ្សេងក្រៅពីទឹក ដើម្បីសម្អាតផលិតផល Apple ព្រោះមានសារធាតុខ្លះអាចប៉ះពាល់ដល់ស្រទាប់ Oleophobic ដែលក្រុមហ៊ុនបានបំពាក់លើអេក្រង់នៃឧបករណ៍ខ្លួន។
គួរដឹងថា Apple បានអាប់ដេតវិបសាយទាក់ទងនឹងការសម្អាតឧបករណ៍ ក្រោយពី COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយការសម្អាតឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនឲ្យបានញឹកញាប់ជាផ្នែកមួយជួយកាត់បន្ថយឱកាសនៃការឆ្លងវីរុសនេះបានផងដែរ៕









