Bill Gates លាឈប់ពីក្រុមប្រឹក្សាដឹកនាំក្រុមហ៊ុន Microsoft Corp ដើម្បីយកពេលធ្វើការងារមនុស្សធម៌

0

លោកប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ហើយក៏ជាអ្នកដែលបានធ្វើឲ្យក្រុមហ៊ុនមួយនេះ ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយលើពិភពលោក បានប្រកាសលាឈប់ពី ក្រុមប្រឹក្សាភិបាលដឹកនាំក្រុមហ៊ុនមួយនេះហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីងាកទៅផ្តោតលើការងារសប្បុរសធម៌ ទាក់ទងនឹងការអប់រំសុខភាព និងការប្រែប្រួលអាកាសធាតុវិញម្តង។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី ១៤ ខែមីនា ឆ្នាំ២០២០។

មហាសេដ្ឋីអាមេរិករូបនេះ និងភរិយារបស់លោក គឺលោកស្រី មីលីនដា (Melinda) កំពុងគ្រប់គ្រងមូលនិធិសប្បុរសធម៌ ដ៏ធំបំផុតមួយរបស់ពិភពលោក គឺមូលនិធិហ្គេតស៍ (Foundation Gates) ដែលមានប្រាក់តម្កល់រាប់ពាន់លានដុល្លារ។ កម្មវត្ថុចម្បងរបស់មូលនិធិនេះ គឺផ្តល់មូលនិធិជូនដល់កម្មវិធីសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានា និងភាពក្រីក្រ។

កាលពីឆ្នាំ ២០០៨ លោក ប៊ីល ហ្គេតស៍ បានលាឈប់ពីតួនាទីជានាយកប្រតិបត្តិពេញម៉ោងរបស់ក្រុមហ៊ុន Microsoft ហើយនៅតែបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកក៏បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក សាត់យ៉ា ណាដេឡា (Satya Nadella) ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនយក្សមួយនេះ បានមានប្រសាសន៍ថា «វាជាកិត្តិយសធំធេងណាស់ ដែលបានធ្វើការជាមួយ និងរៀនសូត្រពីលោក ប៊ីល ហ្គេតស៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។ ជាមួយគ្នានេះខាងក្រុមហ៊ុន Microsoft ក៏បានរាយការណ៍ឲ្យដឹងថា ជាមួយនឹងការចាកចេញរបស់លោក ប៊ីល ហ្គេតស៍ ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន ឥឡូវនេះវានឹងសល់សមាជិកតែ ១២ រូបប៉ុណ្ណោះ។

គួរជម្រាបថា ក្រៅពីលាឈប់ពីពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Microsoft ដែលជាជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយលើពិភពលោក លោក ប៊ីល ហ្គេតស៍ ក៏បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ប៊ឺកសាយអឺ ហត្ថាវេយ៍ (Berkshire Hathaway Inc) ដែលលោកបានបម្រើការងារតាំងពីឆ្នាំ ២០០៤ មកម៉្លេះនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here