លោក Elon Musk បានប្រាប់បុគ្គលិកនៅក្រុមហ៊ុន SpaceX របស់ខ្លួនតាមរយៈអ៊ីមែលកាលពីថ្ងៃសុក្រថា ឱកាសដែលពួកគេអាចស្លាប់ដោយសារ COVID-19 គឺទាបជាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការចុះផ្សាយរបស់ BuzzFeed។
តាមការចុះផ្សាយរបស់ BuzzFeed លោក Elon Musk មានសរសេរដូចនេះថា ៖ “ជាការប្រៀបធៀបមួយ ឱកាសនៃការស្លាប់ដោយសារ C19 គឺតិចជាងឱកាសនៃការស្លាប់ដោយការបើកបរទៅផ្ទះ។” លោកបានបន្ថែមទៀតថាកម្រិតធ្ងន់ធ្ងរនៃ COVID-19 គឺមិនស្ថិតក្នុងចំណោមបញ្ហាសុខភាពកំពូលទាំង ១០០ នៅអាមេរិកនោះទេ។
នេះមិនមែនជាលើកទីមួយទេ ដែលនាយកប្រតិបត្តិរបស់ SpaceX និង Tesla រូបនេះបានបញ្ចេញមតិជុំវិញវីរុសកូរ៉ូណា។ កាលពីសប្ដាហ៍មុនលោកបានបង្ហោះលើ Twitter ថា “ការចលាចលព្រោះវីរុសកូរ៉ូណាគឺល្ងីល្ងើ”៕









