កាលពីលើកមុន យើងគ្រប់គ្នា ច្បាស់ជាធ្លាប់បានដឹងហើយថា Google បានធ្វើការបន្ថែមមុខងារថ្មីៗមួយចំនួន នៅលើកម្មវិធីសំខាន់មួយ ដែលមានឈ្មោះថា Google Translate ដែលមុខងារទាំងនោះ សុទ្ធសឹងតែមានសារៈសំខាន់ ថែមមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ កំពុងតែត្រៀមខ្លួន ក្នុងការយកមុខងារថ្មីមួយទៀត ចូលទៅក្នុង Google Translate ដែលវាមាននាទី ក្នុងបកប្រែបានតាមរយៈសម្លេង ដែលវាបានស្តាប់ ដោយផ្ទាល់តែម្ដង ព្រមទាំងមិនមានការពន្យារពេលនោះទេ។
ជាការពិតណាស់ មុខងារនោះវាត្រូវបានគេហៅថា Transcribe ដែលតួនាទីរបស់វា គឺអាចធ្វើការបកប្រែពាក្យបានភ្លាមៗ នៅពេលដែលអ្នកណាម្នាក់ និយាយមកកាន់អ្នក នៅក្នុងនោះអ្នកក៏អាច និយាយទៅកាន់ទូរសព្ទរបស់អ្នក ដើម្បីឲ្យមុខងារនេះបកប្រែ នូវអ្វីដែលអ្នកបាននិយាយ មិនថាអ្នកនិយាយវែង យ៉ាងណានោះទេ។ កាន់តែពិសេសនោះ អ្នកប្រើប្រាស់ក៏អាចប្រើមុខងារនេះ ដើម្បីឲ្យវាស្ដាប់ដើម្បីបកប្រែ នូវអ្វីដែល ឮចេញពីកុំព្យូទ័រ, Speaker ក៏ដូចជាទូរទស្សន៍របស់អ្នកបានផងដែរ ហើយការបកប្រែរបស់វានោះ ក៏មិនមានការពន្យារពេលដែរ។ មិនខុសទេ នៅក្នុងពេលបច្ចុប្បន្ននេះ ក្នុង Google Translate ក៏មានមុខងារស្រដៀងគ្នានេះដែរ ដែលអាចធ្វើការសរសេរ ក៏ដូចជាស្តាប់សម្លេងដើម្បីបកប្រែ ប៉ុន្តែជាក់ស្ដែងណាស់ ការបកប្រែរបស់វានោះ ត្រូវបានពន្យារពេល ហើយវាក៏មិនអាចធ្វើការស្តាប់សម្លេងនោះ បានក្នុងរយៈពេលយូរដែរ។ ដូច្នេះហើយ នេះជាចំណុចពិសេសរបស់មុខងារ Transcribe ព្រោះថាវាអាចធ្វើការស្តាប់ ព្រមទាំងធ្វើការបកប្រែ ការសន្ទនាផ្សេងៗ បានដោយគ្មានបញ្ហា និយាយឲ្យចំទៅ វាក៏អាចធ្វើការបកប្រែបានភ្លាមៗដែរ បើទោះជាអ្នកអានអត្ថបទ យ៉ាងវែងមួយក៏ដោយ។
គួរបញ្ជាក់ដែរថា នៅក្នុងពេលនេះ អ្នកទាំងអស់គ្នា នៅមិនទាន់ទទួលបាននោះទេ ប៉ុន្តែប្រហែលជា 2 ទៅ 3 ថ្ងៃទៀត យើងអាចនឹងទទួលបានមុខងារខាងលើនេះ មកប្រើប្រាស់ ហើយបន្ទាប់ពីទទួលបាន យើងនឹងឃើញ ប៊ូតុងមុខងារនេះ នៅផ្នែកខាងស្តាំ ដែលមានសរសេរឈ្មោះបញ្ជាក់យ៉ាងច្បាស់ថា Transcribe នៅពេលដែលអ្នក បានចូលទៅកាន់ Google Translate។ សម្រាប់មុខងារនេះដែរ វាអាចធ្វើការគាំទ្របាន ជាមួយភាសាមួយចំនួនដូចជា English, French, German, Hindi, Portuguese, Russian, Spanish និង Thai ហើយភាសាទាំងនេះ នឹងត្រូវតម្រូវឲ្យអ្នកជ្រើសរើសមួយ យកប្រើប្រាស់ នៅពេលដែលអ្នកចុចលើ ប៊ូតុងនៃមុខងារ Transcribe។









