បច្ចេកវិទ្យាក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំនួយលើភាពចាំបាច់ផ្សេងៗ ក្នុងអំឡុងពេលផ្ទុះការរាតត្បាតវីរុស COVID-19 ដែលជាបញ្ហារបស់សកលលោក។
នៅប្រទេសធំៗមួយចំនួនបាននឹងកំពុងទាញយកផលប្រយោជន៍ពីក្រុមហ៊ុនសេវាទូរសព្ទ ដើម្បីធ្វើការតាមដានប្រវត្តិការធ្វើដំណើររបស់អ្នកជំងឺឲ្យបានច្បាស់លាស់និងឃ្លាំមើលជាសម្ងាត់នៅការក្រុងទុកអ្នកជំងឺដែលត្រូវនៅដាច់ដោយឡែកពីគេថាបានគោរពដិតដល់តាមការណែនាំរបស់អ្នកជំនាញឬអត់។នៅឯប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងអូទ្រីស ក្រុមហ៊ុនសេវាទូរសព្ទបានព្រមព្រៀងសហការជាមួយអាជ្ញាធរផ្នែកសុខាភិបាលក្នុងការចែកចាយនូវព័ត៌មានជាសម្ងាត់របស់អតិថិជន លើការតាមដានការធ្វើដំណើររបស់មនុស្សទាំងអស់ថារក្សាបន្តការនៅឆ្ងាយពីការជួបជុំ និងនៅផ្ទះរៀងខ្លួនឬយ៉ាងណា។ នេះបើតាមសារព័ត៌មាន Reuters បានចុះផ្សាយ។
នៅប្រទេសអ៊ីតាលី ក្នុងតំបន់ Lombardy ជាតំបន់ទីមួយដែលរដ្ឋាភិបាលប្រកាសបិទទ្វារចេញចូល ក៏ត្រូវបានក្រុមហ៊ុនសេវាទូរសព្ទចូលរួមយ៉ាងសកម្ម លើសកម្មភាពតាមដាននេះជាមួយអាជ្ញាធរ ហើយជាលទ្ធផលបង្ហាញឃើញថាមនុស្សចាប់ផ្តើមថយចុះការធ្វើដំណើរប្រមាណ ៦០ ភាគរយធៀបនឹងមួយខែមុន។
នៅថ្ងៃទី ១៦ មិនា ប្រទេសអ៊ីស្រាអែលក៏បានទាញផលប្រយោជន៍ពីបច្ចេកវិទ្យាសម្ងាត់នេះដូចគ្នា ពោលគឺតាមដានយ៉ាងដិតដល់លើអ្នកជំងឺដែលតេស្តឃើញលទ្ធផលវិជ្ជមាន និងតាមដានមើលមនុស្សនៅតំបន់ណាដែលធ្លាប់មានប្រវត្តិទាក់ទងនឹងអ្នកជំងឺហើយគួរដាក់ឲ្យនៅដាច់ដោយឡែក៕










